ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ០១ មិថុនា ២០២៥ ក្រោមប្រធានបទ"ការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” ដោយបានការអញ្ជើញចូលរួម មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងក្នុងឱកាសអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៥ ក្រោម ប្រធានបទ"ការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធាន មនុស្សប្រកបដោយចីរភាព” ពិតជាមានសារៈសំខាន់ ក្នុងការបញ្ឈប់អំពើហិង្សាលើកុមារ បង្កើនការការពារ ជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន និងមន្ត្រីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ មាតាបិតា អាណាព្យាបាលសិស្ស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវជំរុញការអនុវត្តសកម្មភាពគន្លឹះអាទិភាពលើការរៀបចំប្រព័ន្ធក្រុមប្រឹក្សាកុមារកម្ពុជានៅតាមគ្រឹះស្ថានសិក្សាទូទាំងខេត្ត ក្នុងការជំរុញនិងលើកកម្ពស់ គុណភាពអប់រំ និងការអភិវឌ្ឍសាលារៀន ឈានក្លាយជាសាលារៀនគំរូ នឹងកំពុងបន្ត ថែរក្សាសុខសន្តិភាព ជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងចក្ខុវិស័យប្រែ ក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅ សម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះ កុមារា-កុមារី ដើម្បីលើកកម្ពស់និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈម នឹងការយកចិត្តទុកដាក់ចំពោះ បញ្ហា គ្រឿងញៀន បញ្ហាការជួញដូរ និងកេងប្រវ័ញ្ច ទាំងពលកម្ម ទាំងផ្លូវភេទ ចំពោះកុមារនិងស្ត្រី និងការរំលោភបំពានគ្រប់រូបភាព។
ឯកឧត្តមបានគូបញ្ជាក់ថា៖ ដើម្បីរំលឹកដល់មហាវិនាសកម្មដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវ បានបំបិទសិទ្ធិសេរីភាពទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាកវេទនា ក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ សិទ្ធិកុមារត្រូវបានការពារនិងលើកតម្កើងដោយមានចែងយ៉ាងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញ យុទ្ធសាស្ត្រចតុកោណ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
តាមរបាយការណ៍របស់ លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកណ្តាលបានឲ្យដឹងថា ការអនុវត្តស្តង់ដាសាលារៀនគំរូ មានចំនួន ៥សាលាមត្តេយ្សសិក្សា ១១សាលាបឋមសិក្សា ៦អនុវិទ្យាល័យ និង២៤វិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយឡែកអនុវិស័យយុវជន អនុវត្តបានសមិទ្ធផល៖
បង្កើតបានក្រុមប្រឹក្សាកុមារកម្ពុជា ដែលមានគណៈកម្មាធិការប្រត្តិបត្តិក្រុមប្រឹក្សាកុមារកម្ពុជា ចំនួន៥១២ នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួន រៀបចំបានសាខាចំនួន៣,៧៦២ អនុសាខាចំនួន ១៦,៣២១ សរុបសមាជិកកុមារចំនួន ១១៦,៣៩៩នាក់ ស្រី ៥៩,១៣៧នាក់។
សាលាបឋមសិក្សាស្ម័គ្រចិត្តចូលជាសមាជិកកាយរឹទ្ធិខេត្តកណ្តាល ក្នុងនោះរៀបចំបានកាយរឹទ្ធិប្អូនតាមកងឯកភាពចំនួន ១២ សរុបចំនួន២០កង ស្មើនឹង ៥២ល្បាត សមាជិកកាយរឹទ្ធិប្អូនសរុប ៣៤៩នាក់ ស្រី១៦៨នាក់។