ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រង អភិរក្សសំណង់ បេតិកភណ្ឌពុទ្ធសាសនាក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាលមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនាពេលនេះ មានគោលបំណងសំខាន់ គឺដើម្បីផ្សព្វផ្សាយ និងណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការ ក្រុមការងារមន្ទីរវប្បធម៌ធម៌ និងវិចិត្រសិល្បៈ និងមន្ទីរធម្មការ និងសាសនាចុះផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិ យុត្តិនានា ក្នុងសម័យកាលបច្ចុប្បន្នដែលពាក់ព័ន្ធ នឹងកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសសំដៅលើកកម្ពស់ការយល់ដឹងពីតម្លៃអត្តសញ្ញាណជាតិរួមចំណែកអភិរក្សថែរក្សា សំណង់បុរាណដែលកំពុងប្រឈមជាពិសេសនៅតាមវត្តអារាមនានា ។
ឯកឧត្តមបានបន្តទៀតថា៖ តាមការរាយការណ៍ពី ការដឹកនាំ គ្រប់គ្រងស្ថានីយបុរាណ និងសំណង់បុរាណ កន្លងមក របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល ដែលមានការសហការពីអាជ្ញាធរក្រុង ស្រុក បានជួបបញ្ហាអវិជ្ជមាន គួរឲ្យកត់សម្គាល់ ដូចជា៖ ការសាងសង់សំណង់ថ្មីដែលខ្វះខាតបច្ចេកទេសសំណង់ និងក្បួនខ្នាតរចនាបទខ្មែរ ការប្រើប្រាស់គ្រឿងបង្គំក្បាច់ និងគ្រឿងតុបតែងលម្អសំណង់មិនទាន់ត្រឹមត្រូវ ការរុះរើឬជួសជុលសំណង់ និងវត្ថុបុរាណនៅតាមវត្តអារាមដោយគ្មានការអនុញ្ញាត ការគោរព (ជំនឿបារមី)មកឡូកឡំដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ការតាំងទីលំនៅ ការប្រើប្រាស់ទីទួល (បារមី)តាមទីទួលដោយគ្មានច្បាប់ ការជីកកកាយយកវត្ថុបុរាណ សំណង់បុរាណ គ្រឹះប្រាសាទ ដោយខុសច្បាប់ ករណីឈូស ឆាយទន្ទ្រានដីទួលបុរាណ និងការធ្វើរបង ព័ទ្ធយកដីទួលបុរាណធ្វើជាកម្មសិទ្ធិ បញ្ហាប្រឈមទាំងអស់នេះ បណ្តាលមកពីព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋ មិនបានយល់ដឹងអំពីកិច្ចការពារបេតិកភណ្ឌ ដែលជាអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ដែលបានបន្សល់ទុកជាយូរមកហើយ។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមទៀតថា៖ ជាការពិតណាស់ការថែរក្សាការពារ ស្ថានីយបុរាណ វត្ថុបុរាណនិងសម្បត្តិវប្បធម៌ ដទៃទៀត គឺទាមទារមានការចូលរួមចំណែកយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ហើយការថែរក្សា ការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ក៏មិនមែនជាប្រយោជន៍របស់បុគ្គលណាម្នាក់នោះដែរ គឺដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងដើម្បីជាតិយើងទាំងមូល ដែលរក្សាបាននូវតឹកតាងប្រវត្តិ សាស្ត្រ បង្ហាញអំពីអត្តសញ្ញាណរបស់ជាតិ ដែលបានកកើតតាំងពីយូរលង់ណាស់មកហើយ ដែលមិនអាចឲ្យជាតិសាសន៍ណាមកបំភ្លៃបានឡើយ ព្រោះយើងមានភស្តុតាងជាក់ស្តែងនៅ ទីនេះហើយកូនចៅជំនាន់នេះនិងជំនាន់ក្រោយៗបន្តសិក្សាស្រាវជ្រាវឲ្យបានកាន់តែស៊ីជម្រៅ នូវប្រវត្តិសាស្ត្ររបស់ជាតិយើង ។
លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានអោយដឹងថា៖ ទិន្នន័យទួលបុរាណសរុប ៦៩៨ ទួល វាស់វែងរួចកំពុងដំណើរការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធមានចំនួន ៣៣៤ ទីតាំង-មិនទាន់បានវាស់វែងមានចំនួន ៣២ ទីតាំង-មានប័ណ្ណកម្មសិទ្ធិមន្ទីរមានចំនួន ៩៦ ទីតាំង-ប័ណ្ណកម្មសិទ្ធិវត្តចំនួន ៧ ទីតាំង-ប័ណ្ណកម្មសិទ្ធិឃុំចំនួន ១២៩ ទីតាំង-ប័ណ្ណកម្មសិទ្ធិឯកជនចំនួន ១០០ ទីតាំង-វត្តបុរាណចំនួន ៦៩-ទិន្នន័យសំណង់បុរាណចំនួន ១២៩ ទីតាំង-ទិន្នន័យវត្ថុបុរាណចំនួន ២៥៦ វត្ថុ Databasse វត្តព្រះនាគ ១៥៤ វត្ថុ, សារមន្ទីរអំពិល ១២៤វត្ថុ សរុបចំនួន ៥៣៤ វត្ថុ ។