ខេត្តកណ្តាល៖មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅគឺភូមិក្បាលកោះធំ ភូមិកណ្តាលកោះធំ ភូមិចុងកោះធំ ភូមិពោធិ៍ទន្លេ ភូមិក្បាលកោះថ្មី ភូមិចុងកោះថ្មី ភូមិទួលកន្ទួត ឃុំកោះធំ (ក) ភូមិព្រែកសំរោង ភូមិព្រែកបិ និងភូមិស្វាយតាមេឃឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្ដាល ស្មើនឹង៧, ៥៧១ក្បាលដី អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែមិថុនា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
លោក លោក ទៀង កុស្យារៈ អនុប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវបែបក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ នៅឃុំកោះធំ (ក) និងឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងវត្តកោះធំ។
លោកអនុប្រធានមន្ទីរបន្តថា៖ ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋដែលមានដី នៅភូមិទាំង១០ ត្រូវមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ហើយក្នុងករណីមាន ខុសឈ្មោះ ទំហំដី ឬព្រំដី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលបានបិទផ្សាយ។ ហើយការជំទាស់តវ៉ាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃបិទផ្សាយនេះ ដោយក្នុងរយៈពេល ១៥ថ្ងៃ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ បន្ទាប់ពីបិទផ្សាយរយៈពេល១៥ថ្ងៃរួចមក យើងនឹងទទួបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានលើកឡើងថា ការបិទផ្សាយនូវការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចាំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកបន្តថា៖ ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យើងបានប្រើប្រាស់នូវបច្ចេកទេសខ្ពស់ រួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូសប្លង់សុរិយោដីដោយកុំព្យូទ័រ។
សូមបញ្ជាក់ថា៖ ស្រុកកោះធំ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ០៤លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ១០ភូមិ គឺភូមិក្បាលកោះធំ ភូមិកណ្តាលកោះធំ ភូមិចុងកោះធំ ភូមិពោធិ៍ទន្លេ ភូមិក្បាលកោះថ្មី ភូមិចុងកោះថ្មី ភូមិទួលកន្ទួត ឃុំកោះធំ(ក) ភូមិព្រែកសំរោង ភូមិព្រែកបិ និងភូមិស្វាយតាមេឃ ឃុំកោះធំ (ខ) ស្រុកកោះធំ សរុបមានចំនួន ៧, ៥៧១ក្បាលដី៕