ខេត្តកណ្តាល៖ ប្រជាពលរដ្ឋក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅបានគាំទ្រ និងយល់ព្រមសហការណ៏ជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្តោយផ្លូវសាធារណៈ (ផ្លូវលេខ២០៥) ចាប់ពីរីកែងផ្លូវជាតិលេខ២១អា ដល់កែងផ្លូវលេខ១០៧ ។ ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ១០០៤ ស.ជ.ណ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមបណ្តោយផ្លូវសាធារណៈ (ផ្លូវលេខ២០៥) ចាប់ពីរីកែងផ្លូវជាតិលេខ២១អា ដល់កែងផ្លូវលេខ១០៧ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលរដ្ឋបាលខេត្តកណ្តាល បានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវខាងលើចូលរួមសហការ សំដៅរួមគ្នាធ្វើឱ្យក្រុងរបស់យើងមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ មិនប៉ះពាល់ដល់សោភណ្ឌភាព និងប្រយោជន៍សាធារណៈ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ការសង់សំណង់មិនរៀបរយ ការលក់ដូរលើចិញ្ចើមផ្លូវ ការដាក់សម្ភារៈផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈរបស់បងប្អូន គឺពិតជាបានធ្វើឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយយ៉ាងខ្លាំង ធ្វើឱ្យទីក្រុងគ្មានសោភ័ណភាព ជាពិសេសនោះគឺបានបង្កឱ្យមានការកកស្ទះចរាចរណ៍ ព្រមទាំងបង្កការលំបាកដល់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ចូលទៅអន្តរាគមន៍នៅពេលមានគ្រោះអគ្គីភ័យ ឬគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងផងដែរ។
ឯកឧត្ដមអភិបាលរងខេត្ត បន្តទៀតថា ផ្អែកតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ដូចខាងក្រោម៖
១. ត្រូវបញ្ឈប់សកម្មភាពការលក់ដូរលើចិញ្ចើមផ្លូវការដាក់តាំងសម្ភារៈផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈ។ ២. ត្រូវបញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗនៅលើដីចំណីផ្លូវសាធារណៈខាងលើ ចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ។ ៣. ត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ជូនយកចេញឱ្យអស់ពីទីតាំងដីចំណីផ្លូវ ខាងលើ ឱ្យបានមុនថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ជាកំហិត។ ៤. ផុតកាលបរិច្ឆេទខាងលើ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងតាខ្មៅ នឹងចាត់វិធានការ រុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈរបស់បងប្អូនឡើយ។
ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅគ្រប់ថ្នាក់ និងមន្ទីរអង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវបំផុត ត្រូវបន្តចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ និងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតឱ្យចូលរួមសហការណ៍ និងត្រូវហាមឃាត់ជាដាច់រាល់ការសាងសង់សំណង់ថ្មីៗបន្ថែមទៀតតាមបណ្ដោយផ្លូវលេខ២០៥នេះ។