ខេត្តកណ្តាល៖ ក្បាលដីចំនួន ២៤៥០បណ្ណ ស្ថិតនៅភូមិព្រែកតាសៅ និងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានរដ្ឋបាលខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្មនសំណង់ និងសុរិយោដី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលប្រារព្ធធ្វើនៅបរិវេណវត្តជម្ពូណារាម ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ បណ្ណកម្មសិទ្ធិដីធ្លីពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនពូជាពលរដ្ឋដែលទទួលបាន ប័ណ្ណកម្មសិទ្ធិនាពេលនេះសូមថែរក្សាទុកដាក់ឱ្យបានត្រឹមត្រូវជៀសវាងនូវការខូចខាតដោយប្រការណាមួយ។ ព្រោះថាបានកម្មសិទ្ធិ ដែលចេញលើកនេះគឺចេញដោយរដ្ឋ ប្រសិនបើបណ្ណកម្មសិទ្ធិត្រូវបានខូចខាតដោយប្រការណាមួយនោះបងប្អូនប្រជាពលរដ្ឋត្រូវចំណាយប្រាក់កាស ដើម្បីធ្វើឡើងវិញ និងខាតបង់ពេលវេលាជាដើម។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងវិស័យដីធ្លី ពិសេស បានជំរុញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុតបើទោះជាកម្ពុជាមានបញ្ហាព្រំដែនរវាងខ្មែរ-ថៃ ក៏ដោយ ប៉ុន្តែការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋគឺមិនឱ្យមានការរាំងស្ទះឡើយ គឺដើម្បីឱ្យពួកគាត់បានយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីវិស័យដីធ្លីនេះ។ ហើយបណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាង ឱ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឱ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅឱ្យកូនចៅរបស់ខ្លួនជាដើម។
ក្នុងនោះផងដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើដល់ប្រជាពលរដ្ឋដែល មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានចេញបណ្ណឱ្យរួចហើយ តែមិនទាន់បានមកដកយកបណ្ណកម្មសិទ្ធិរបស់ខ្លួន សូមរួសរាន់អញ្ជើញមកដកបណ្ណកម្មសិទ្ធិនៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល ព្រោះថាគិតមកដល់ពេលនេះបណ្ណកម្មសិទ្ធិដែលចេញរួចហើយប្រជាពលរដ្ឋមិនទាន់បានមកដកមានប្រមាណជាង១០ម៉ឺនបណ្ណ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់ប្រជាពលរដ្ឋសូមមានការទុកចិត្ត និងជឿជាក់លើចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយនាំយកបញ្ហាទាំង៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ ជាមួយនឹងប្រទេសថៃដើម្បីរកដំណោះស្រាយប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងជាដំណោះស្រាយស្ថាពរ ជាពិសេសសូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខរបស់យើងទាំងសម្ភារៈ ថវិកា និងស្មារតីទៅតាមលទ្ធភាពរៀងៗខ្លួនដើម្បីបង្ហាញពីការស្នេហាជាតិ សាមគ្គីភាព ការឯកភាពគ្នា រួបរួមគ្នាក្នុងការពារបូរណភាពទឹកដី។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា៖បើគិតមកដល់ពេលនេះចុះបញ្ជីបាន ៦៣ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥៦០ភូមិ លើ ១០១០ភូមិ គឺ ស្មើនឹង៥៦% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤,៥០៥ ក្បាលដី ក្នុងនោះបានចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤០៩,៩០៥ បណ្ណ និងចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣៩ លើកស្មើនឹង ៣៣៨,៥៧៧បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៤០ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកតាសៅ ចំនួន ៩៨៤បណ្ណ និងភូមិព្រែកតាជ័រ ចំនួន ១ ៤៦៦ប័ណ្ណ ឃុំស្វាយប្រទាល ស្រុកស្អាង សរុបចំនួន ២ ៤៥០បណ្ណ៕