ខេត្តកណ្តាល៖មន្ទីរអធិការកិច្ចខេត្តកណ្តាល រួមជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល បានចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិស្សានុសិស្ស ចំនួន២៩៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។
លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាលបានថ្លែងថា៖នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការទប់ស្កាត់ និងបង្ក្រាបការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ដោយសារបទល្មើសគ្រឿងញៀនមានការកើនឡើងជាលំដាប់ ហើយបន្សល់ទុកនូវផលប៉ះពាល់ជាច្រើនប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា៖គ្រឿងញៀន គឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នេះហើយ អ្នកនោះកម្រនឹងដកខ្លួនរួចណាស់ ហើយរមែងតែងតែផ្តល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្ត គ្រួសារ សហគមន៍ និងសង្គមជាតិ។បញ្ហាគ្រឿងញៀនជាក្តីកង្វល់មួយដ៏ធំរបស់រាជរដ្ឋាភិបាល ដោយសារឥទ្ធិពលគ្រឿងញៀនបាន និងកំពុងចាក់ស្រោចទៅដល់ប្រជាពលរដ្ឋងាយរង់គ្រោះមួយចំនួន ដូចជាកម្មករធ្វើការងារធ្ងន់ៗ បុគ្គលិកបម្រើការងារនៅកន្លែងកម្សាន្តសប្បាយ និងយុវជនស្ថិតក្នុងវ័យភ្លើតភ្លើនតាមសង្គមអូសទាញ រហូតដល់ប្រជាពលរដ្ឋនៅតាមមួយដ្ឋានមួយចំនួន ក៏បានប្រើបា្រស់គ្រឿងញៀន និងបានក្លាយជាភ្នាក់ងារចែកចាយបន្តផងដែរ។
លោកក៏បានសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរ បន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀនឲ្យទូលំទូលាយ និងមានវិធានការគ្រប់គ្រប់ឲ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានលើកទឹកចិត្តដល់អាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវហ៊ានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ក្នុងករណីបានឃើញអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយមិនត្រូវមានភាពអៀនខ្មាស ឬលាក់បាំងអំពីបញ្ហានេះឡើយ។
ក្នុងឱកាសនោះដែរ លោក សំ សុភ័ក្ត្រ អភិបាលរងស្រុកខ្សាច់កណ្តាល បានសំណូមពរដល់ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវចេះតាមដានសកម្មភាពកូន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមាន ការសង្ស័យ ឬដឹងថាកូនរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀន គួរតែសហការ និងរាយការណ៍ជូនអាជ្ញាធរ ដើម្បីមានវិធានការទប់ស្កាត់។ ជាងនេះទៅទៀត ប្អូនៗដែលជាសិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពី គ្រឿងញៀន ពេលសេពគប់មិត្តភក្តិ ត្រូវមានការប្រុងប្រយ័ត្ន ហើយជា ពិសេសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត៕