ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំសមញក្រុមប្រឹក្សាខេត្ត លើកទី៣៤ អាណត្តិទី ៣ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្ត នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានជំរុញដល់ អធិការនគរបាលក្រុង-ស្រុក និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឱ្យបានឆាប់រហ័ស ដើម្បីបានយកទៅប្រើប្រាស់តាមភាពចាំបាច់ផ្សេងៗ ពិសេសបម្រើដល់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ខាងមុខ។
ឯកឧត្តមបានបន្ថែមថា ក្រៅពីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ មន្ត្រីនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់រក្សាឱ្យបាននូវការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ថ្នាក់ដឹកនាំឱ្យបានល្អប្រសើរផងដែរ។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានស្ដីពីរាល់សកម្មភាពការងាររបស់ខ្លួន ក៏ដូចជាសមិទ្ធផលថ្មីៗដែលសម្រេចបាន តាមបណ្ដាញសង្គមឱ្យបានផលផុសជូនប្រជាពលរដ្ឋ ដើម្បីពួកគាត់បានទទួលនូវព័ត៌មានពិតប្រាកដអំពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការបម្រើសេវា និងដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តមបានបញ្ចាក់ថា ព័ត៌មានពិត គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំ ផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់អំពីព័ត៌មានណាពិត និងព័ត៌មានណាជាព័ត៌មានក្លែងក្លាយ សំដៅធ្វើយ៉ាងណាលុបបំបាត់ ឱ្យអស់នូវរាល់ព័ត៌មានក្លែងក្លាយ ដែលមានប្រភពចេញពីបណ្ដាក្រុមអគតិមួយចំនួន ដែលតែងតែបំពុលសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំជាអវិជ្ជមាន មកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន។
ទន្ទឹមនឹងនេះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ សហការគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជាពិសេសគឺបានសហការគ្នាយ៉ាងល្អក្នុងការផ្សព្វផ្សាយ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តកណ្ដាលបានលើកយករបៀបវារៈសំខាន់ៗចំនួន ៩ ដើម្បីធ្វើការផ្សព្វផ្សាយណែនាំ ពិនិត្យពិភាក្សា និងអនុម័ត ដើម្បីជំរុញដល់ការអនុវត្តការងាររបស់បណ្ដាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។