ភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បានកើតឡើងកាលពី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពុំ សារឹម ភេទស្រី អាយុ៤២ឆ្នាំ មុខរបរធ្វើការរោងចក្រ រស់នៅខាងមុខមន្ទីរពេទ្យរុស្ស៊ី និងស្ត្រីម្នាក់ទៀតរងរបួសស្រាលជាអ្នកឌុប ជិះម៉ូតូម៉ាកវីវ៉ា។ ចំណែកឯម៉ូតូមួយគ្រឿងទៀតម៉ាកឃ្លីក រងរបួសធ្ងន់បុរសពីរនាក់ មិនបានស្គាល់អត្តសញ្ញាណនៅឡើយ។
ដំបូងឡើយគាត់ឃើញម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HM ២៩១៥ បើកបរដោយបុរសពីរនាក់ តាមបណ្ដោយផ្លូវបេតុង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានកៀរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១L៦៩៩៨ បើកតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យដួលហើយ ស្របពេលនោះក៏មានរថយន្តធន់ធំដឹកអីវ៉ាន់ពេញ ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A ៣៨០៥ មកពីក្រោយកិនលើស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្សប្រុសស្រីបីនាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។ ក្រោយពីកើតហេតុភ្លាមៗតែកុងបានឈប់រថយន្តចោល ហើយបើកទ្វារចុះរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។
សមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែក សពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។