ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ខេត្តកណ្ដាល ទទួលបានជ័យលាភីលេខ០១ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅសាលប្រជុំសាលាខេត្តកណ្តាល។
លោកស្រី ជី ថាវី ប្រធាមន្ទីអភិវឌ្ឍន៍ជនបទបាមឱ្យដឹងថា ក្រុង/ស្រុក ទាំង១១ មាន១២៧ ឃុំ/សង្កាត់ ស្មើនឹង១០១០ភូមិនៃខេត្ត បានបញ្ចប់ការបន្ទោបង់ពាសវាលពាសការ១០០% ដោយខ្នងផ្ទះជាក់ស្តែង សរុប ២៦៣.៩៦៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យផ្ទាល់ខ្លួន សរុប២៥១,៩៥២ ស្មើនឹង៩៥.៤%, ចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប ១២,០១១ ស្មើនឹង៤.៦%។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថាកត្តាសត្យានុម័តធំៗចំនួន០៣ ដែលជាកត្តាចាំបាច់បំផុត ដែលធ្វើឲ្យខេត្តកណ្តាល សម្រេចបាននូវការលើកកម្ពស់សុខភាពអនាម័យ បរិស្ថានស្អាត ជាពិសេសគឺការសម្រេចបាននូវការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល នោះគឺ ៖
- កត្តាសុខសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
- កត្តាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គម ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យរដ្ឋបាលខេត្ត ពង្រឹងបានជាប្រចាំនូវយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ក្នុងការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន និងជាពិសេស គឺការរក្សានូវអនាម័យ សោភ័ណភាពល្អ និងមានបរិស្ថានល្អ។
- កត្តារីកចម្រើននូវផ្នែកសេដ្ឋកិច្ច ការអនុវត្ត គោលនយោបាយ,យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចនានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ ធានាសម្រេចបាននូវការអភិវឌ្ឍក្នុងមូលដ្ឋានទាំងសង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន៕ គួរបញ្ជាក់ដែលថា ខេត្តកណ្តាលជាខេត្តទី៣ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២នេះ និងធ្វើពិធីដង្ហែពាន់រង្វាន់ជ័យលាភីលេខ០១ និងប្រកាសទទួលស្គាល់ខេត្តកណ្ដាល ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២ ខាងមុខនេះ។