ភ្នំពេញ ៖ ករណីស្ត្រីម្នាក់បានរៀបរាប់ថាមានបុរសម្នាក់ដែលជាអ្នកបើកម៉ូតូកង់បី និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព លូកលាន់លើរាងកាយរបស់គាត់ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៤:១៥នាទីទៀបភ្លឺ។បន្ទាប់មកស្ត្រីរងគ្រោះ ដែលមានឈ្មោះ តឺយ ស្រីនាង ជនជាតិខ្មែរ មុខរបរ សាឡន ស្នាក់នៅបន្ទប់ជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីឃើញការផ្សាយព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់មកលើពួកគេរួចមក ។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ម៉ូតូកង់បី (ផាសអេប) ដែលមានឈ្មោះ អិន ណី ជនជាតិខ្មែរ មុខរបរ រត់ម៉ូកង់បី ស្នាក់នៅបន្ទប់ជួលលេខ០៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបក្ខពួកម្នាក់ទៀតឈ្មោះ ធី ផានិត មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ត្រូវជាបងប្អូននឹងគ្នា ចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ច។
បុរសទាំងពីរនាក់ បានប្រាប់ឱ្យដឹងថា ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ស្ត្រីរូបនោះទេ ដោយស្ត្រីនោះមានស្ថានភាពស្រវឹង និងបានហៅកក់ម៉ូតូកង់បីគាត់ ចេញពីក្លិបមួយកន្លែង នៅម្ដុំសង្កាត់ភ្នំពេញថ្មី ឱ្យជូនគាត់ទៅផ្ទះនៅម្ដុំផ្លូវ ៣៧១ លុះទៅដល់ជិតស្ដុបត្រឡោកបែក ស្រាប់តែស្ត្រីនោះប្រាប់ម្ចាស់កង់បីឱ្យត្រឡប់បកក្រោយវិញ ទៅជីបម៉ុងនៅម្ដុំកាំកូវិញ លុះបកក្រោយតាមផ្លូវ ៥៩៨ ដល់ស្ដុបសាលារៀន ឥន្ទ្រទេវី បត់ចូលតាមផ្លូវ ១០០៣ ភ្នំពេញថ្មីវិញ ម្ដុំផ្សារថៃហួត ក៏ទៅតាមផ្លូវ ១០៨៦ ឡើងទៅផ្លូវ ៥៩៨ សំដៅទៅផ្លូវ ២៧១ លុះមកដល់ផ្លូវ ២៧១ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្ត្រីនោះប្រាប់ថាខុសផ្លូវហើយ ម្ចាស់ម៉ូតូកង់បីក៏ខឹង ក៏បានឈប់ម៉ូតូដាក់ស្រ្តីនោះចុះ ក៏ជិះម៉ូតូចេញទៅបាត់ ទើបស្ត្រីនោះខឹងក៏ហៅអ្នកសារព័ត៌មាន មកធ្វើការឡាយថាម្ចាស់ម៉ូតូកង់បីនោះ បានលូកលាន់លើរាងកាយរបស់គាត់ទៅវិញ។ បន្ទាប់ពីសាកសួរភាគីទាំងសងខាងរួច ស្ត្រីនោះបានសារភាពថា ខ្លួនពិតជាស្រវឹងខ្លាំង និងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់រឿង ដោយករណីនៅជាការយល់ច្រឡំតែប៉ុណ្ណោះ។
ដោយយោងតាមការដកពាក្យបណ្តឹង នឹងមានការអនុញ្ញាតពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានអប់រំ និងអនុញ្ញាតឱ្យបុរសពីរនេះ ត្រឡប់ទៅផ្ទះវិញ៕