ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបិទហែរទីងមោងទេ ក៏ប៉ុន្តែរាល់ការហែរទីងមោង គណៈកម្មការគ្រប់គ្រងទីងមោង នៃវត្តនីមួយៗ ត្រូវរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈ និងរក្សាតម្លៃវប្បធម៌ជាតិយើងឲ្យបានល្អប្រសើរ។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់អ្នកគ្រប់គ្រងទីងមោង ទាំងអស់ ត្រូវយកចិត្តទុកដាក់រចនា តុបតែងលំអទីងមោង ឲ្យមានសោភ័ណ្ឌភាពល្អ តាមរចនាបថខ្មែរ គឺក្នុងបំណង ដើម្បីជ្រើសរើស ទីងមោងណា ដែលរចនាតុបតែបានល្អ និងរក្សាបាន នូវប្រពៃណី ជាតិខ្មែរ ដើម្បីឈានទៅ រៀបចំការប្រឡងប្រណាំង នៅពេលខាងមុខ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ៗ និងលើកទឹកចិត្តបែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៃការហែរទានព្រះវស្សា និងការហែរទីងមោង សំដៅធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ និងដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ជាមួយចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងស្រុកស្អាង ប្រមាណជាង ១៤វត្ត កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។
ឯកឧត្ដមអភិបាលខេត្ត បានណែនាំក្រុមការងារ ជំនាញថ្នាក់ខេត្ត និងស្ថាបន័ជំនាញពាក់ព័ន្ធ ត្រូវសិក្សាអោយបានច្បាស់ ពីប្រវត្តិ និងរចនាបថ របស់ទីងមោង ដើម្បីចងក្រងទុក ជាឯកសារ ជៀសវាងការរចនារូបទីងមោង ដោយប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរយើង។ ហើយនៅឆ្នាំក្រោយក្រុមការងារនេះនឹងធ្វើការ កំណត់ចំនួនទីងមោង និងកំណត់ចំនួនថ្ងៃដែលត្រូវហែរសម្រាប់វត្តនីមួយៗឲ្យបានច្បាស់លាស់ ធានាដល់ការរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ បញ្ជៀសការស្ទះចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺការរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងទម្រង់ដើមនៃវប្បធម៌របស់ជាតិយើងផងដែរ។
ពាក់ព័ន្ធនឹងការហែរទីងមោង ក្នុងភូមិសាស្ត្រស្រុកស្អាងអំឡុងពេលបុណ្យទានព្រះវស្សានាឆ្នាំនេះ ឯកឧត្តមអភិបាលខេត្តបានកំណត់ឲ្យទីងមោងតាមវត្តនីមួយៗហែរបានតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយនៅថ្ងៃចុងក្រោយនៃការហែរទានព្រះវស្សា អនុញ្ញាតឲ្យការហែរទីងមោងបានតែតាមវត្តនីមួយៗមិនអាចឆ្លងទៅវត្តផ្សេងបានឡើយ ដើម្បីបញ្ជាការរញ៉េរញ៉ៃ និងរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ហើយកងកម្លាំងសមត្ថកិច្ច និងប្រជាការពារត្រូវត្រៀមខ្លួនក្នុងថ្ងៃនេះ ត្រូវខិតខំយកចិត្តទុកដាក់ចូលរួមសហការគ្នា សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសម្រាប់ធ្នាប់សាធារណៈក្នុងពិធីហែរ នាថ្ងៃចុងក្រោយនេះឲ្យបានល្អប្រសើរបំផុត។
គួរបញ្ជាក់ថា កន្លងមកមានការផ្សាយតាមបណ្តាញសង្គមមួយចំនួនបានចុះផ្សាយថា ការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សា ត្រូវបានហាមឃាត់មិនឱ្យធ្វើទៀតឡើយធ្វើឲ្យសាធារណៈមតិមួយចំនួន មានការយល់ច្រឡំ និងទទួលព័ត៌មានមិនបានច្បាស់លាស់ ហេតុដូច្នេះទើបមានកិច្ចប្រជុំនេះឡើង ដើម្បីបញ្ជាក់ជូនដល់ចៅអធិការវត្ត ព្រះសង្ឃ អ្នកគ្រប់គ្រងទីងមោង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ការហែរទីងមោងមិនមានការបិទឡើយ ប៉ុន្តែការហែរទីងមោងត្រូវធ្វើឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ពោលគឺ ការរចនាទីងមោងត្រូវធ្វើតាមរចនាបថខ្មែរ ដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង។
សូមជម្រាបផងដែរថា នៅទូទាំងខេត្តកណ្ដាលមាន ទីងមោងប្រមាណជាង ៤៦១ ដោយឡែកក្នុងស្រុកស្អាងមាន១៤វត្ត ហើយមានទីងមោងជាង ២៤៣ ។