គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នាយឧត្តមេសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ពីការយកចិត្តទុកដាក់ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងប្រតិបត្តិការរុករកអាកាសយានិក២រូប ដែលបានបាត់ខ្លួន


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រតិបត្តិការរុករកអាកាសយានិក ចំនួន ២រូប ដែលបានបាត់ខ្លួន។ 


ក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់ បានលើកឡើងថា សម្តេចធិបតី ក៏ដូចជាថ្នាក់ដឹកនាំ​ បានណែនាំថា ភាពជោគជ័យ ត្រូវតែរកឲ្យឃើញអាកាសយានិក ដែលបានបាត់ខ្លួន ប៉ុន្តែក៏ត្រូវធានាសុវត្ថិភាព មិនត្រូវឲ្យមានបញ្ហាអីកើតឡើងដែរ។


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់​ បានបញ្ជាក់យ៉ាងដូច្នេះថា «យន្តហោះយើងប៉ុនប៉ងចូលកន្លែងហ្នឹង មិនតិចជាង ១០ដងទេ។ ២ថ្ងៃនេះ គ្រាន់តែប៉ុនប៉ងចូល ៣ ទៅ៤ដង ពីម្សិលមិញ (ថ្ងៃទី២៩ ខែកក្កដា) ឱកាសល្អមែនទែន... ខាងនេះបានបញ្ជាទៅឲ្យបុកចូលកន្លែងហ្នឹង មួយជួរហ្នឹង គ្រាន់តែបុកចូលទៅឃើញភ្លាម។ អីចឹងបានន័យថា កន្លងមក បើធាតុអាកាសមិនបញ្ហា យើងអាចរកឃើញតាំងពីពេលវេលាហ្នឹងនោះ។ ប៉ុន្តែ ដូចខ្ញុំនិយាយមុនហ្នឹង​ គ្រាន់តែប៉ុនប៉ង ១០ដង។ សម្តេចធិបតី ក៏ដូចជាថ្នាក់ដឹកនាំ​ គាត់ណែនាំណាស់ថា ភាពជោគជ័យ ត្រូវតែរកឲ្យឃើញ ប៉ុន្តែក៏ត្រូវធានាសុវត្ថិភាព មិនត្រូវឲ្យមានបញ្ហាអីកើតឡើងដែរ»។ 


លោកបានបន្តថា «អីចឹង យន្តហោះទៅក៏ត្រូវពិនិត្យមើលអាកាសធាតុ ថា ខ្យល់យ៉ាងម៉េច ពពកយ៉ាងម៉េច ដើម្បីធានាសុវត្ថិភាព ទើបទៅបាន ព្រោះកន្លែងដែលរកឃើញ មិនមែនស្មើអីចឹងទេ វាចោទ ជាឆ្អឹងជំនីភ្នំ អីចឹងគ្នាទៅ បើផ្អៀងតែបន្តិច ខ្យល់វាបោក អីចឹងតែបោកមិនស្រួល វាចូលដល់ជញ្ជាំងភ្នំហើយ។ ពេលខ្លះ គ្រាន់តែចូលទៅពពកវាយមកភ្លាម ត្រូវថយមកសិន។ នេះជាបញ្ហា ជាឧបសគ្គណាស់ ចិត្តរបស់អ្នកចង់រក ចិត្តរបស់រាជរដ្ឋាភិបាល ចង់តែមកដល់ឃើញភ្លាម សង្គ្រោះបានភ្លាម ប៉ុន្តែដូចខ្ញុំបាននិយាយ វាជាឧបសគ្គ ដែលជាធម្មជាតិ ដែលបានកើតឡើង ធ្វើឲ្យយើងពន្យាពេលរកឃើញ»។ 


សូមជម្រាបថា នៅម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមយោធាស្វែងរក បានរកឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ 

ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ Z9 នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ​បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល ចំនួន ១៧ថ្ងៃ។


ជាមួយគ្នានេះ នៅម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា នៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង ២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។


គ្រួសាររបស់អ្នកបើកបរឈ្មោះ ស៊ុន ផល្លា, ប្រពន្ធឈ្មោះ ខាន់ ចាន់ឆុល អាយុ៣៨ឆ្នាំ, កូនប្រុស ខន រតនៈបញ្ញា អាយុ១២ឆ្នាំ, កូនស្រី ខន រតនៈលីហ្សា អាយុ៩ឆ្នាំ * អាសយដ្ឋាន ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


គ្រួសាររបស់អ្នកបើកបរ ខេង ឆៃយុទ្ធ, ប្រពន្ធឈ្មោះ ឆែម កល្យាណ អាយុ៣១ឆ្នាំ, កូនស្រី ខេង ឌឹមរកត អាយុ៥ឆ្នាំ, កូនប្រុស ខេង ឌីវិភព អាយុ៣ឆ្នាំ * អាសយដ្ឋាន ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕






Previous Post Next Post
Breaking News