ខេត្តកណ្តាល៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក ដល់បងប្អូនស្ត្រីមានគភ៌ ,ស្ត្រីស្ថិតក្នុងវ័យបន្តពូជ និងស្ត្រីមានកូនតូចអាយុក្រោម២ឆ្នាំ សរុបចំនួន ៥២នាក់ ដែលមកពីសង្កាត់សិត្បូ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណមណ្ឌលសុខភាពសង្កាត់សិត្បូ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពី លោក ទៀង សុគន្ធ នាយកសាខាកាកបាទកម្ពុជាក្រហមខេត្តកណ្ដាល និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សុភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសពីសមាជិកសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត ,ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងតាខ្មៅ អាជ្ញាធរដែនដី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើននាក់ផងដែរ ។
ការងារអប់រំផ្សព្វផ្សាយនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងកាន់តែប្រសើរពាក់ព័ន្ធចំណេះដឹងផ្នែកសុខភាពបន្តពូជដល់ស្ត្រីស្ថិតក្នុងវ័យរៀបការ និងការថែរក្សាសុខភាពចំពោះស្ត្រីកំពុងមានគភ៌ អំឡុងពេលសម្រាល ,ក្រោយពេលសម្រាលកូនរួច ហើយ និងការយកចិត្តទុកដាក់ថែទាំកូនដែលមានអាយុក្រោម២ឆ្នាំ ដោយផ្តល់នូវអាហារបំប៉ន និងការទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗជាដើម។
លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា បន្ទាប់ពីបងប្អូនបានទទួលការអប់រំផ្សព្វផ្សាយពីក្រុមការងារនាឱកាសនេះ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ ហើយបន្តការចូលរួមអនុវត្តនូវវិធានការការពារទាំងឡាយឱ្យបានគ្រប់គ្នា ដើម្បីគ្រសារមានសុភមង្គល សុខភាពល្អ និងចៀសផុតពីគ្រោះថ្នាក់ទាំងឡាយដែលបានកើតឡើងដោយការធ្វេសប្រហែសនិងដោយយថាហេតុ។
នៅចុងបញ្ចប់នៃពិធីអប់រំផ្សព្វផ្សាយគណៈអធិបតី ក៏បានផ្តល់ជូននូវសម្ភារលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំង ៥២នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវ អង្ករ ២៥គីឡូក្រាម, ទឹកត្រីឬទឹកស៊ីអ៊ីវ ១យួរ, អាវយឺត១, សាប៊ូ ១, និងថវិកា ៥ម៉ឺនរៀលផងដែរ៕