ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសុវត្ថិភាពម្ហូមអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រា ប្របកដោយសុវត្ថិភាព ជូនដល់អាជីវករ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងសត្ថមកិច្ចពាក់ព័ន្ធជាច្រើនរូប ដែលសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់សាលាខេត្តកណ្តាល ក្រោមអធិបតី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណល និងលោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប។
ឯកឧត្តម ប៊ុន ផេង បានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះ ពិតជាមានសារៈសំខាន់ដល់ សិប្បករ អ្នកផលិតនូវផលិតផលគ្រប់ប្រភេទក្នុងខេត្ត ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកកែច្នៃផលិតផលក៏ដូចជាដើម្បីជំរុញការលក់ផលិតផលរបស់ខ្លួនចូលទីផ្សារក្នុងនិងក្រៅប្រទេស។ ឯកឧត្តមបាន ជំរុញដល់សមាជិក សមាជិកាអង្គពិធីទាំងមូល សូមយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប និងស្រូបយកចំណេះដឹងពីវាគ្មិនប្រកបដោយបទពិសោធន៍ និងជំនាញ ក៏ដូចជាលើកជាសំណួរ និងចូលរួមផ្តល់មតិយោបល់ឱ្យបានច្រើន ដើម្បីជាចំណេះដឹង ក្នុងការអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមទាំងអស់ ប្រើប្រាស់នូវសិក្ខាសាលានាថ្ងៃនេះជាវេទិកាមួយ ក្នុងការជួបជុំរវាងអ្នកអនុវត្តច្បាប់ និងធុរជន ដើម្បីពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអាជីវកម្មស្រា ហើយអាចផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរព ក៏ដូចជាអនុវត្តច្បាប់ទាំងនេះឱ្យមានប្រសិទ្ធភាព ។
លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប បាន លើកឡើងថា គោលបំណងក្នុងសិក្ខាសាលានេះ គឺចង់ផ្សព្វផ្សាយចែករំលែកការយល់ដឹង អំពីច្បាប់បទដ្ឋាន គតិយុត្តិ និងគោលការណ៍ណែនាំនានា ដល់សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធ ពិសេសដល់អ្នកផលិត អ្នលក់និងអ្នកទិញ ដើម្បីធានាបាននូវគុណភាពស្តង់ដា អនាម័យប្រកបដោយសុវត្ថិភាព ចំពោះម្ហូបអាហារ ឈានទៅប្រកួតប្រជែង នៅលើទីផ្សារជាតិ និងអន្តរជាតិ។
លោកបានបន្តថា សិក្ខាសាលានៅថ្ងៃនេះ នឹងផ្សព្វផ្សាយច្បាប់ចំនួន២ ដើម្បីសិក្សាស្វែងយល់បន្ថែម ជាមួយគោលការណ៍ណែនាំមួយចំនួន ដល់អ្នកផលិតស្រា គឺទី ១ផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលចំនួន៩ចំណុចធំៗ និងទី២គឺផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលមានចំនួន៦ចំណុចធំៗ ច្បាប់នេះមានគោលបំណង ធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែង ដោយសុចរិត។
នាឱកាសនោះដែរ លោកអគ្គនាយករង ក.ប.ប ក៏បានធ្វើការណែនាំ និងធ្វើបទបង្ហាញអំពីសារធាតុមេតាណុល ក្នុងការផលិតស្រា និងផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីសារធាតុមេតាណុលផងដែរ ដែលកន្លងមកប្រជាពលរដ្ឋយើងជាច្រើននាក់ស្លាប់ ដោយសារការទទួលទានស្រា ដែលមានសារធាតុមេតាណុលលើសកម្រិត។ លោកបានសំណូមពរ អង្គសិក្ខាសាលាចូលរួមអនុវត្ត និងផ្សព្វផ្សាយច្បាប់ទាំងពីរនេះ ឱ្យបានទូលំទូលាយដើម្បីរក្សាការពារនូវសុវត្ថិភាពម្ហូបអាហារ និងសុខមាលភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា។