ឯកឧត្តមបន្តថា៖ ក្នុងរយៈពេលពីរថ្ងៃ នៃព្រឹត្តិការណ៍ពិធីប្រណាំងទូកនៅក្រុងតាខ្មៅ អ្នកស្ម័គ្រចិត្តក្នុងការសម្អាតអនាម័យបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យពិធីប្រណាំងទូកនៅក្រុងតាខ្មៅ មានសោភ័ណភាពស្អាត លើកកម្ពស់អនាម័យបរិស្ថាន មិនមានសំរាមពាសវាលពាសកាល ដែលនេះសបញ្ជាក់ឱ្យឃើញថា ការយកចិត្តទុកដាក់របស់បងប្អូនអ្នកស្ម័គ្រចិត្ត ក្នុងការសម្អាតនូវអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ពិសេសទាំងមុនពិធី និងក្រោយពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ កន្លែងស្នាក់នៅរបស់កីឡាករទូក និងកន្លែងផ្សេងៗទៀតមិនមានសំរាមពាសវាលពាសកាលឡើយ។
ឯកឧត្តម បន្ថែមថា៖ ក្រៅពីការយកចិត្តទុកដាក់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត របស់អ្នកស្ម័គ្រចិត្តយើង និងបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូក បានយកចិត្តទុកដាក់វេចភ្ជាប់ និងទុកដាក់សំរាម ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន ដែលធ្វើឱ្យពិធីប្រណាំងទូកខេត្តកណ្ដាល មានសោភ័ណភាពស្អាត និងបង្កភាពសប្បាយរីករាយ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន សូមបន្តចែករំលែកនូវបទពិសោធន៍ ការទុកដាក់សំរាម វេចខ្ចប់សំរាម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាធ្វើឱ្យខេត្តកណ្ដាលយើងទាំងមូល កាត់បន្ថយសំរាមពីរាយប៉ាយ និងឈានដល់ខេត្តកណ្ដាលគ្មានសំរាមរាយប៉ាយ។