នៅក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ នឹងមានការបង្ហាញទស្សនីយភាពដ៏អស្ចារ្យ និងប្លែកៗជាច្រើន ដែលមហាជនគួរតែអញ្ជើញទៅទស្សនាផ្ទាល់ដើម្បីទទួលបានអារម្មណ៍រំភើប ។ នេះបើយោងតាមការបង្ហើបរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិការគណ:កម្មាធិជាតិអូឡាំពិកកម្ពុជា ក្នុងឱកាសចុះពិនិត្យសកម្មភាពហាត់សមរបស់កីឡាករ កីឡាការិនី ត្រៀមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិដ៏ធំមួយនេះ កាលពីថ្ងៃទីសៅរ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៤ ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នៅក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ នឹងមានការចូលរួមពីសំណាក់សិល្បៈករ សិល្បៈការិនី និងអ្នកស្ម័គ្រចិត្ត សរុបទាំងអស់ជាងមួយពាន់នាក់ ដើម្បីសម្ដែងបង្ហាញទស្សនីយភាពប្លែកៗជាច្រើន ធ្វើយ៉ាងណាត្រូវតែធ្វើឱ្យពិធីមានភាពដ៏អស្ចារ្យ និងកាន់តែអធិកអធម ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយកាន់តែផុសផុលជុំវិញព្រឹត្តិការណ៍ «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ ឱ្យទូលំទូលាយ ដើម្បីជម្រុញឱ្យកម្មពិធីកាន់តែអធិកអធមថែមទៀត ។
ជាចុងក្រោយ ឯកឧត្តម វ៉ាត់ ចំរើន បានលើកទឹកចិត្តឱ្យមហាជនចូលរួមទស្សនាឱ្យបានច្រើនកុះករដោយផ្ទាល់ ក្នុងពិធីបើក «ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២» ឆ្នាំ ២០២៤ ដើម្បីទទួលបានអារម្មណ៍រំភើប សប្បាយរីករាយ ប្រកបដោយមោទកភាព ព្រោះនេះគឺជាព្រឹត្តិការកីឡាជាតិដ៏ធំ ដែលកម្ពុជារៀបចំរៀងរាល់ពីរឆ្នាំម្ដង៕
ក្រសួងព័ត៌មាន