ចាប់ខ្លួនលោកវរសេនីយ៍ឯក សយ សុផានី អាយុ៥៩ឆ្នាំ ប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រោយបាញ់២នាក់ប្តីប្រពន្ធ រឿងឈ្លោះប្រកែកគ្នាករណីស្រែកឡូឡា។
លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២០:៣០នាទី ជនសង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង ០២នាក់ បានជិះម៉ូតូកង់បី (PassApp) មកដល់បន្ទប់មានសភាពស្រវឹងទាំង២នាក់ បានមកដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរដោយពាក្យសំដីថា ហែងពូកែថ្លង់ អញធ្វើឱ្យថ្លង់ ក៏បិទទ្វារលឺសូរ ហើយក៏ជេរទៀត ពេលនោះក៏ជនសង្ស័យស្រែកហៅម្ទាស់ផ្ទះជួលឱ្យជួយមកមើល។
ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ជេរសម្លេងលឺៗ ក៏ធ្វើឱ្យជនសង្ស័យប៉ះពាក្យសំដី ក៏ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ធ្វើឱ្យជនសង្ស័យយកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន ០៤គ្រាប់ ធ្វើឱ្យជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅឱ្យគេជួយ។
បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។