ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បាន ចូលរួមកិច្ចប្រជុំប្រចាំត្រីមាសលើទី៣ ដើម្បីពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ ប្លាស្ទិក នៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ក្រសួងមហាផ្ទៃបានសហការជាមួយធនាគារ ពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំគម្រោង “ធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា” ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារពិភពលោក (WB)។ គម្រោងនេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤ ដែលមានសមាសភាគអនុវត្តគម្រោងចំនួន ៣ គឺក្រសួងបរិស្ថាន (សមាភាគទី១) ក្រសួងមហាផ្ទៃ (សមាសភាគទី២) និងក្រសួងសាធារណការ និងដឹកជញ្ជូន (សមាសភាគទី៣)។ គម្រោងនេះនឹងត្រូវអនុវត្តនៅក្រុង ស្រុកនៃខេត្តគោលដៅចំនួន ៥គឺ៖ ក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រុងសៀមរាបនៃខេត្តសៀមរាប ក្រុងច្បារមននៃខេត្តកំពង់ស្ពឺ ស្រុកបវេល និងស្រុកថ្មគោល នៃខេត្តបាត់ដំបង និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលទទួលបានការឯកភាពនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ យោងផ្អែកលើផែនការសកម្មភាព នៃគម្រោងអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងមហាផ្ទៃ។គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារនៃការអនុវត្តគម្រោងរបស់ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន និងបង្ហាញអំពីដំណើរនៃការដោះស្រាយផលប៉ះពាល់ទីតាំងសាងសង់ទីលាន និងផ្លូវចូលទៅកាន់ទីលានចាក់សំរាម និងការផ្តល់អនុលោមភាពលើការកំណត់ទីតាំងទីលានចាក់សំរាមថ្មីនៅខេត្តកណ្តាល។
ឯកឧត្តមក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សំណល់ និងញែកអោយបានត្រឹមត្រូវ គិតគូរដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោលគួរទុកដាក់នៅទីលានអោយបានត្រឹមត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានចែករំលែកពាក់ព័ន្ធនឹងការប្រមូលសំរាមដែលខេត្តកណ្តាលបានអនុវត្តកន្លងមក និងបានលើកពីបញ្ហាប្រឈមសំខាន់ៗដែលគួរបានយកចិត្តទុកដាក់ដោះស្រាយប្រកបដោយនវានុវត្តភាព។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា៖គម្រោងនៃការសាងសង់ទីលានចាក់សំរាមប្រកបដោយអនាម័យនេះ ត្រូវសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន (សមាសភាគទី៣) ដែលរំពឹងក្នុងការប្រមូលសំរាម និងកែច្នៃសំរាមដឹកជញ្ជូនមកពីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង។ រយៈពេលនៃការសាងសង់ ០២ឆ្នាំ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។