ខេត្តកណ្តាល៖ ថ្លែងនៅក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ- ឃុំ-សង្កាត់-មានសុវត្ថិភាព ស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិននៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មានតួនាទីសំខាន់ណាស់ក្នុងការអនុវត្តគោលនយោបាយ ភូមិ- ឃុំ-សង្កាត់-មានសុវត្ថិភាព ប៉ុន្តែក៏មិនត្រូវមើលរំលងកម្លាំងប្រជាការពារនោះដែរ ព្រោះពួកគាត់ក៏បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនេះយ៉ាងសកម្មផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា លទ្ធផលល្អជាច្រើនដែលសមត្ថកិច្ច អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមសហការគ្នាធ្វើឲ្យខេត្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ជាមួយគ្នានេះលក្ខណៈសម្បត្តិនានា នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏បានដំណើការប្រកបដោយគុណភាព តម្លាភាព ទទួលបានជំនឿទុកចិត្ត និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈតាមរយៈយន្តការអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងការផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ដូចជាការឆ្លើយតបចំពោះករណីគ្រោះមហន្តរាយផ្សេងៗជាដើម។
ទន្ទឹមគ្នានេះ ដើម្បីជំរុញឲ្យការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់មេឃុំ ចៅសង្កាត់ ត្រូវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន ចុះធ្វើការអប់រំផ្សព្វផ្សាយឲ្យបានញឹកញាប់ អំពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា យោងតាមសេចក្តីណែនាំស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ មានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖ ១- ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពក្នុងការរៀបចំអនុវត្តផែនការសកម្មភាព និងផែនការថវិកា ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្របតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ។
២- គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវពិនិត្យមើលឡើងវិញ និង ពង្រឹងការបំពេញតួនាទីភារកិច្ចនៃលេខាធិការដ្ឋានរបស់ខ្លួន។ ក្នុងនោះត្រូវរៀបចំឱ្យមាន ចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅ តាមឃុំ សង្កាត់ជារៀងរាល់ ត្រីមាសនីមួយៗ
ត្រូវធ្វើវេទិកាសាធារណៈដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជា ពលរដ្ឋឱ្យបានសមស្របត្រូវយកចិត្តទុកដាក់អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រមសីលធម៌ដល់មន្ត្រីមូលដ្ឋានជា- ពិសេសអង្គទាំងប្រាំរួមមានៈ មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ-សង្កាត់ ប្រធានមណ្ឌលសុខភាព និងមេភូមិ ។
៣-ត្រូវលើកកម្ពស់ការផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ រាជរដ្ឋាភិបាលឱ្យបានយល់ដឹង ជ្រួតជ្រាបដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងអង្គ ការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីចូលរួមអនុវត្ត។
៤- រៀងរាល់ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំត្រូវធ្វើការប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារ ដោយ ចាំបាច់ត្រូវមានការចូលរួមពីប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធ រួចត្រូវធ្វើរបាយ ការណ៍មកក្រសួងមហាផ្ទៃ តាមរយៈលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។