ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន បារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក(Baray Global Management Co.,ltd) បានរៀបចំកម្មវិធីវេទិកាធុរកិច្ច ក្រោមប្រធានបទ (ឱកាស និងការត្រៀមខ្លួនសម្រាប់ទីផ្សារហាឡាលសកល)ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីរ លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល លោក-លោកស្រី ប្រធានក្រុមហ៊ុន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។
លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល បានឱ្យដឹងថា៖ ស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្ត ថែរក្សាសុខសន្តិភាព ជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងចក្ខុវិស័យប្រែ ក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅ សម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្នុងការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ក្នុងនោះ បានផ្តោតការយកចិត្តទុកដាក់ជា ពិសេស លើការអភិវឌ្ឍ ធនធានមនុស្ស ដែលជាអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្រ បញ្ចកោណ គិតត្រឹមឆ្នាំ២០២៤ រោងចក្រធុនធំសរុបមានចំនួន ៣៥៤មូលដ្ឋាន ក្នុង នោះផ្នែកវាយនភ័ណ្ឌចំនួន ១៤មូលដ្ឋាន ផ្នែកសម្លៀកបំពាក់ ១៦៧មូលដ្ឋាន ផ្នែកផលិតផលពីស្បែក ៦២មូលដ្ឋាន និងផ្នែកផ្សេងៗទៀត ១១១ មូលដ្ឋាន មានកម្មករសរុប ១៨៧,៣៤៩ នាក់ (ស្រី ១៤១,៣០៩ នាក់) ។ ចំណែកសហ គ្រាសធុនតូច មធ្យម និងសិប្បកម្មមានចំនួន ១,៣៦៧មូលដ្ឋាន ។
លោក ពេជ្រ មុន្នី នាយកគ្រប់គ្រងនៃក្រុមហ៊ុន បារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក បានអោយដឹងថា ការរៀបចំវេទិកាធុរកិច្ចនេះគឺក្នុងគោលបំណងដើម្បីចូលរួមជំរុញអោយឧស្សាហកម្មហាឡាល កើតមានឡើង នៅកម្ពុជា ជាប្រយោជន៍រួមជូនដល់សហគមន៍ និងបងប្អូនប្រជាជនយើង ជាពិសេសអ្នកផលិត និងកែច្នៃផលិតផលក្នុង ស្រុកតែម្តង ក្នុងការរៀបចំវេទិកាធុរកិច្ច ជាបន្តបន្ទាប់ គឺសំដៅធ្វើយ៉ាងណាផ្សព្វផ្សាយអោយបានកាន់តែ ទូលំទូលាយទៅកាន់សហគមន៍ ទូទាំងប្រទេស និងអន្តរជាតិផងដែរ។
លោកនាយកគ្រប់គ្រងក្រុមហ៊ុន បន្តថា៖ ដើម្បីជាការរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុន Baray Global Management បាន កំណត់ចេញនូវគោលដៅ និងសកម្មភាពអាទិភាពចំនួន៥ សម្រាប់ផែនការ៥ឆ្នាំ ២០២៥-២០២៩៖ទី១៖ ជំរុញពិពិធកម្មវិស័យនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារពិភពលោកទី២៖ ជំរុញ និងបង្កើនឧស្សាហកម្មផលិតកម្ម និងកែច្នៃ ជួយដល់អាជីវកម្មធន់តូច និងមធ្យម(ស្របតាមស្តង់ដារហាឡាល់ និងច្បាប់អាជីវកម្មនៃព្រះរាជាណាចក្រកម្ពុជា)ទី៣ ៖ ពង្រឹង និងពង្រីកតំណភ្ជាប់ ទាំងក្នុងនិងក្រៅប្រទេស (បណ្ដុំសហគ្រាស និងវិនិយោគទុន)ទី៤៖ បង្កើន និងបង្កើតសក្តានុពលការងារ (ធនធានមនុស្សអោយមានចំនេះនិងជំនាញ រឹង និងទន់)ទី៥៖ អភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផលិត និងផ្គត់ផ្គង់ទីផ្សារ។