ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការងារជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌឱ្យតំបន់ប្រតិបត្តិការសឹករងកណ្តាល និងកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស កងទ័ពជើងគោក ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលប្រជុំ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានស្នើដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នាទប់ស្កាត់ និងចាត់វិធានការចំពោះជនខិលខូចដែលបំផុសបំផុលក្នុងការរត់ការសូកសល់ចូលបម្រើការងារកងទ័ព ត្រូវមានវិធានការភ្លាមមិនត្រូវទុកឱ្យរាំងស្ទះដល់កិច្ចការនេះឡើយ។ ឯកឧត្តមអភិបាលខេត្តបាន បានបញ្ជាក់ថា ក្នុងការជ្រើសរើសនេះ ត្រូវបានផ្ដល់អាទិភាពចំពោះបេក្ខជនស្ម័គ្រចិត្ត ជាចៅបង្កើត កូនបង្កើត បងបង្កើត ឬប្អូនបង្កើតរបស់អតីតយុវជន និងយោធិនដែរកំពុងបម្រើការងារ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អភិបាលក្រុង-ស្រុក ត្រូវខិតខំជួយសម្របសម្រួលទៅលើឯកសារនានាជូនដល់យុវជនដែលមកដាក់ពាក្យប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស ដោយត្រូវចាត់មន្ត្រីប្រចាំការទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឱ្យយុវជនទៅរកសេវាបានគ្រប់ពេលវេលាមិនមានភាពរាំងស្ទះ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវជួយធ្វើការផ្សព្វផ្សាយដំណឹងជ្រើសរើសនេះ ឱ្យបានទូលំទូលាយដល់យុវជន ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះបេក្ខជនដែលមកដាក់ពាក្យដោយធានាបានថាពួកគេមិនធ្លាប់មានទោស មិនធ្លាប់ជាប់គុក និងមិនមែនជាអ្នកប្រើប្រាស់គ្រឿងញៀនជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលក៏បានស្នើយ៉ាងទទូចទៅដល់ក្រុមការងារ និងគណៈកម្មការពាក់ព័ន្ធទាំងអស់សូមជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ដោយមានការសំរិទ្ធសំរាំង សូមជ្រើសរើសយកកងទ័ពដែលមានសមត្ថភាព មានគុណភាព អាចការពារទឹកដីនៅក្នុងខេត្តកណ្ដាល ឱ្យបានរឹងមាំ និងខ្លាំងក្លាឡើង។
សូមជម្រាបថា លក្ខណៈសម្បត្តិសម្រាប់បេក្ខជនស្ម័គ្រចិត្តដែលអាចមកដាក់ពាក្យបានរួមមាន៖ ១/ ត្រូវមានសញ្ជាតិខ្មែរ (ភេទប្រុស) ២/ អាយុ១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ៣/ កម្រិតវប្បធម៌ ចាប់ពីថ្នាក់ទី១២ឡើងទៅ ៤/ កំពស់ចាប់ពី ១.៦០ម៉ែត្រឡើងទៅ ៥/ មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អតាមតម្រូវការការងារ ៦/ មានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ព្រមទាំងគ្មានជាប់ពិរុទ្ធ ឬបទល្មើសផ្សេងៗ ៧/ បេក្ខជនត្រូវពិនិត្យសាវតាជាតិ ៨/ បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្មគ្រ័ចិត្តត្រូវលាលែងពីក្របខ័ណ្ឌដើម ៩/ បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណៈសម្បត្តិ (គ្មានមេរោគថ្លើម អេដស៍ ជម្ងឺរ៉ាំរ៉ៃឬជម្ងឺសរសៃប្រសាទ) នៅមន្ទីពេទ្យជ័យជំនះ ខេត្តកណ្តាល ១០/ បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យរកសារធាតុញៀន ពីអនុគណៈកម្មការជ្រើសរើស ១១/ បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋម និងលក្ខណៈសម្បត្តិពីអនុគណៈកម្មការជ្រើសរើស ១២/ បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិពីអនុគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តរបស់ យោធភូមិភាគពិសេស។
បញ្ជាក់៖ បេក្ខជនដែលមានបំណងចង់ចូលបម្រើកងយោធពលខេមរភូមិន្ទគ្រប់លក្ខណៈសម្បត្តិ ពេលដែលមកយកពាក្យ ត្រូវបង្ហាញនូវសំណុំលិខិតមួយចំនួន ដល់ក្រុមការងារជ្រើសរើសពិនិត្យជាមុន មានដូចខាងក្រោម៖ ១/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២/ សេចក្តីចម្លងសំបុត្រកំណើត (ច្បាប់ដើម) ៣/ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ៤/ លិខិតបញ្ជាក់ការសិក្សថ្នាក់ទី១២ ឬ សញ្ញាបត្រទុតិយភូមិឡើង ៥/ លិខិតបញ្ជាក់កិរិយាមាយាទ (ពីប៉ុស្តិ៍នគរបាលរដ្ឋបាល) ៦/ លិខិតពិនិត្យសុខភាព រកមេរោគ (ថ្លើម អេដស៍ ជំងឺរ៉ាំរ៉ៃ និងជំងឺសសៃប្រសាទ) ចំពោះការវាស់កម្ពស់ និងរកសារធាតុញៀន ក្រុមការងារជ្រើសរើសធ្វើការពិនិត្យដោយផ្ទាល់។
សំណុំលិខិតពេលដែលមកដាក់ពាក្យរួមមាន៖ ១/ ពាក្យសុំចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ចំនួន ០៣ ច្បាប់ ២/ លិខិតអ្នកធានាចំនួន ០៣ ច្បាប់ ៣/ កិច្ចសន្យារបស់សាមីខ្លួន ចំនួន ០៣ ច្បាប់ ៤/ លិខិតបញ្ជាក់កិរិយាមាយាទពី (ឃុំ-សង្កាត់ និងមេប៉ុស្តិ៍នគបាល) ចំនួន ០៣ ច្បាប់ ៥/ លិខិតបញ្ជាក់ការសិក្សា ឬសញ្ញាបត្រ មានបញ្ជាក់ទទួលស្គាល់ជាផ្លូវការ ចំនួន ០៣ ច្បាប់ ៦/ ប័ណ្ណពិនិត្យសុខភាព ចំនួន ០៣ ច្បាប់ ៧/ អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ (មានបញ្ជាក់ទទួលស្គាល់ជាផ្លូវការ) ចំនួន ០៣ ច្បាប់ ៨/ សេចក្តីចម្លងបញ្ជាក់សំបុត្រកំណើត (ច្បាប់ដើម) ចំនួន ០៣ ច្បាប់ ៩/ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ (មានបញ្ជាក់ទទួលស្គាល់ជាផ្លូវការ) ចំនួន ០៣ ច្បាប់ ១០/ រូបថត ៤x៦ (ថតថ្មីចំពីមុខ ផ្ទៃក្រោយពណ៌ស) ចំនួន ១២ សន្លឹក។