ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម ពិធីសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងអាម៉េ ប្រវែង១០៨ម ទទឹង១០ម (ដំណាក់កាលទី១) ស្ថិតនៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតន អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា៖ លក្ខណ:នៃការស្ថាបនាស្ពានបេតុងប្រវែង ១០៨ ម៉ែត្រ ទទឹង ១០ ម៉ែត្រ នេះ ត្រូវបានចែកចេញជាពីរដំណាក់កាល ដោយអនុវត្តតាមបទដ្ឋាន បច្ចេកទេសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះដំណាក់កាលទី១ ការស្ថាបនាមានរយៈពេល ១២ខែ (ចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦) ដោយប្រើប្រាស់គ្រឿងចក្រ និងកម្លាំងរបស់ នាយកដ្ឋានស្រាវជ្រាវ ទិន្នន័យ និងវិស្វកម្ម នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ជាអ្នក អនុវត្តការងារសាងសង់ ជំហានដំបូងធ្វើការខួងគ្រឹះស្ពានមានមុខកាត់ ១ ម៉ែត្រ ចំនួន ៥៦ ដើម ចាក់បេតុងធ្នឹមស្ពានចំនួន ៣៦ ធ្នឹម សង់ទម្រក្បាលស្ពានសងខាង ចំនួន ២ ក្បាល ទម្រកណ្តាលស្ពានចំនួន ៥ ទម្រ ធ្នឹមទប់ និងប្លង់សេ កម្រាលស្ពានប្រវែង ១០៨ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ប្លង់សេក្បាលស្ពាន ចំនួន ២ កន្លែង និងចាក់បេតុងធ្វើផ្លូវដើរ និងបង្កាន់ដៃសងខាងស្ពាន ប្រវែង ២១៦ ម៉ែត្រ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតន អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបន្តទៀតថា៖ ដោយឡែកចំពោះផលប្រយោជន៍ពេលស្ពានស្ថាបនារួចរាល់គឺ មានតម្លៃ យ៉ាងធំធេង និងដើរតួនាទីយ៉ាងសំខាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ឱ្យកាន់តែប្រសើរឡើង ក្នុងការតភ្ជាប់គ្នារវាងភូមិទាំង ៥ នៃឃុំ ប្រាសាទ ទៅឃុំត្រើយស្លារ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១។ លើសពីនេះទៀត ថែមទាំងបានជួយសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋក្នុងសហគមន៍បានឆាប់រហ័ស ទាំងក្នុងគ្រាមានអាសន្ន ណាមួយក្តី និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្តី ក៏ដូចជាអាច កាត់បន្ថយតម្លៃនៃការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម ក្នុងន័យថាសន្សំសំចៃទាំងថវិកា ទាំងពេលវេលា និងកាត់បន្ថយនូវរាល់ ហានិភ័យ លើការធ្វើដំណើរតាមផ្លូវទឹក។
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានពាំនាំនូវ ការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បង ប្អូន ក្មួយៗ ទាំងអស់ និងថ្លែងអរគុណដល់ម្ចាស់ជំនួយជាពិសេសរួមមាន៖ រាជរដ្ឋាភិបាលតួកគី និងមជ្ឈមណ្ឌល្អជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ដែលបានបន្តដឹកនាំការស្ថាបនាស្ពាននេះ។
ឯកឧត្តមបានបន្តទៀតថា៖ សមិទ្ធផលដែលយើងបានទទួលនាពេលនេះ គឺជាចំណងដៃជូនដល់ប្រជាពលរដ្ឋ ដែលជានិច្ច ជាកាលមានទំនុកចិត្តជឿជាក់ គាំទ្ររាជរដ្ឋាភិបាល ប្រឹងប្រែងការពារសន្តិភាព ឱ្យបានគង់វង្ស និងឆ្លើយតបបញ្ហាប្រឈមដែលប្រជាពលរដ្ឋតែងតែលើកឡើង ក្នុងវេទិការសាធារណៈ ថ្នាក់ដឹកនាំគ្រប់លំដាប់ និងក្រុមការងារចុះមូលដ្ឋានបានខិតខំយកចិត្តទុកដាក់ជំរុញឱ្យស្ពានបេតុងមួយនេះ បានចាប់ផ្តើមសាងសង់នាពេលនេះ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ ការជួយលើកស្ទួយ ហេដ្ឋារចនា សម្ព័ន្ធប្រទេសជាតិ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានអាធិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។