ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ២,១៤១ប័ណ្ណ ដើម្បីធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល។
មានប្រសាសន៍ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមបន្តថា៖ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល សូមសំដែងនូវការអបអរសាទរជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធដីធ្លី
របស់ខ្លួន និងសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ ដែលអាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះ យើងពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ ។
ឯកឧត្តមអភិបាលរងខេត្តបាន ថ្លែងនូវការចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានអោយដឹងថា៖ គិតមកដល់ពេលនេះការចុះបញ្ជីបាន ៦២ ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង៥៣៧ភូមិ លើ ១០១០ភូមិ គឺស្មើនឹង៥៣% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤,៥០៥ ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៨៨,៦៨៩ ប័ណ្ណ និងចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣៤ លើកស្មើនឹង ៣១៦,៧៦៤ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣៥ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ចំនួន ២,១៤១ប័ណ្ណ៕