ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ចំនួន០៤ភូមិ ក្នុងភូមិចិនកោះ ភូមិកោះបៀ ភូមិស្លាបតាអោន និងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានក្បាលដីចំនួន ៤,៥១០ក្បាលដីដើម្បីទុកពេលឱ្យប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត បានថ្លែងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺធ្វើតាមដំណាក់កាល ក្នុងនោះមានការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គងដោយប្រការណាមួយ។ ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារ នៃការវិនិច្ឆ័យដីធ្លីដែល មានរយៈពេល១៥ (គិតចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់ ដើម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។
លោកអនុប្រធានមន្ទីរក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះពេលត្រលប់ទៅវិញសូមជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិទាំង៤នេះមកពិនិត្យមើលទិន្នន័យក្បាល់ដីរបស់ខ្លួនអោយបានគ្រប់ៗគ្នា។
ថ្លែងក្នុងឱកាសនោះលោក ស៊ុម ធន់ អភិបាលរងស្រុកកៀនស្វាយ បានលើកឡើងថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកអភិបាលរងស្រុក ក៏បានបញ្ជាក់ពីគោលបំណងដ៏សំខាន់នៃការបិទផ្សាយនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាស ដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះក្នុងរយៈពេល ១៥ថ្ងៃគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ៕