ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហិរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារ ស្ថិតនៅភូមិថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុត។ លោកជំទាវ បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយជំនួយសង្គ្រោះ មកចែកជូនដល់ប្រជាជនរងគ្រោះ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ លោកជំទាវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះ អាកាសធាតុក្ដៅ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។
លោកជំទាវ ក៏បានលើកទឹកចិត្ត ដល់ជនរងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។
អំណោយដែលសាខាបានចែកជូនជនរងគ្រោះ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, កៅស៊ូតង់ ១ផ្ទាំង, ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកា១លានរៀល។
បន្ទាប់មកប្រតិភូសាខា បន្តចុះសួរសុខទុក្ខគ្រួសារស្ត្រីក្រីក្រមេម៉ាយមានកូនច្រើនក្នុងបន្ទុក នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយបានឧបត្ថម្ភ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ២យួរ, សប៊ូ និងថវិកា៤០ម៉ឺនរៀល។