ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងាររបស់គណៈប្រតិភូ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម គណៈកម្មការទី២ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តកណ្តាល ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្រោមអធិបតីភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា៖ ការចុះបេសកកម្មនៅខេត្តកណ្ដាល នាពេលនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ ការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងរង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យនានាដែលពាក់ព័ន្ធនិងសមត្ថកិច្ចគណ:កម្មការទី២ នៃរដ្ឋសភា។
ឯកឧត្តម បានបន្តថា៖ សម្រាប់ការចុះបំពេញបេសកម្មនាថ្ងៃនេះរបស់គណៈកម្មការទី២ នៃរដ្ឋសភា មកកាន់ខេត្តកណ្តាល គឺដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីការងារនានាដែលមានការពាក់ព័ន្ធទៅនឹងតួនាទីនឹងភារៈកិច្ចរបស់គណៈកម្មការទី២ នៃរដ្ឋសភា នៅក្នុងមូលដ្ឋានខេត្តកណ្តាលស្របតាមគោលការណ៍កំណែទម្រង់ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសំដៅពង្រឹងការអនុវត្តមុខងាររបស់រដ្ឋសភាក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងធ្វើអោយមានសង្គតិភាពរវាងការតាក់តែងច្បាប់ និងការអនុវត្តច្បាប់នៅមូលដ្ឋានជាក់ស្តែង។
ឯកឧត្តម ឈាង វុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ ក្នុងការឈានឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមក្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តកណ្ដាលទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត បានសម្រេចលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន សមធម៌ ដោយប្រកាន់យកនូវអភិក្រម “ការបម្រើសេវាសាធារណៈល្អ ប្រជាជនស្រឡាញ់”។
ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ឈរលើមូលដ្ឋានសមិទ្ធផលការងារកន្លងមក និងសក្តានុពលថ្មីៗរបស់ខេត្ត និងដោយមាន ការគាំទ្រពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល រដ្ឋបាលខេត្តបានដាក់ចេញ នូវទស្សនវិស័យ ក្នុងការប្រែក្លាយខេត្តកណ្តាលជា “ខ្សែក្រវ៉ាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លឹក (ភស្តុភារកម្ម) ស្បៀង និងលំនៅឋាន” ព្រមទាំងដាក់ចេញវិធានការចាំបាច់ទាំងឡាយ សម្រាប់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងឆ្នាំ២០២៥ និងក្នុងរយៈពេលមធ្យមទៅមុខ ដើម្បីបន្តដំណើរចូលរួមចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឈានដល់ កម្រិតស្តង់ដារ និងឧត្តមានុវត្តជាអន្តរជាតិ ក្នុងបរិការណ៍នៃសង្គម សេដ្ឋកិច្ចកម្ពុជា។