ខេត្តកណ្តាល៖ ការគោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ ជាពិសេសសិស្សានុសិស្ស ដែលស្ថិតក្នុងវ័យប្រើប្រាស់កង់ ឬម៉ូតូ ជាមធ្យោបាយធ្វើដំណើរ គឺជាជនងាយរងគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់ ក៏ដូចជាការពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន ហើយយកចំណេះដឹងដែលខ្លួនទទួលបាននាថ្ងៃនេះត្រូវយកទៅអប់រំ និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិ។នេះជាការលើកឡើងរបស់លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្ដាល ក្នុងពិធីផ្សផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុន សែនទឹកឃ្លាំង និងវិទ្យាល័យ ហ៊ុន សែនល្វាសរ ស្រុកល្វាឯមខេត្រកណ្តាល នាព្រឹកថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៥នេះ ដែលមានសិស្សានុសិស្សចំនួន២៨៧នាក់ បានចូលរួម។
លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្ដាល បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់ និងសកម្មរួមគ្នាជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់នេះ ពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ក៏សូមជួយធ្វើការផ្សព្វផ្សាយបន្តផងដែរ ដើម្បីចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយកថាហេតុ។
លោក បានបបន្តថា៖ ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើមានច្រើន ដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំង ដែលតំរូវឱ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ បញ្ហាចរាចរណ៍បានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរលើផ្លូវសាធារណៈដែលមិនបានគោរពច្បាប់ចរាចរណ៍ ហើយផលវិបាកធ្ងន់ធ្ងរក៏នៅតែកើតមានជានិច្ចចំពោះប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។
លោកបានបន្ថែមថា៖ បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេ នោះយើងនៅតែអាចទទួលនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលអាចបណ្ដាលអោយយើងពិការ ឬបាត់បង់ជីវិត ដោយគុរោះថ្នាក់ចរាចរណ៍នៅតែកើតមាន ដែលបណ្តាឱ្យខាតបង់ទាំងពេលវេលា សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់ក្នុងសង្គម ហេតុនេះយើងមិនត្រូវបណ្ដោយឱ្យអាយុជីវិត និងពេលវេលារបស់យើងខាតបង់ដោយសារតែបញ្ហានេះឡើយ។
ថ្លែងក្នុងពិធីនេះដែរ លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯមបានសំដែងនូវការគាំទ្រ កោតសរសើ និងវាយតំលៃខ្ពស់ ចំពោះមន្ទីរអធិការកិច្ច និងមន្ទីរជំនាញពាក់ពន្ធ័ដែលយកអស់កំលាំងកាយចិត្តចុះពន្យល់ ផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោក ដល់សាធារណៈជន ពិសេសសិស្សានុសិស្ស ឱ្យបានយល់ដឹង សំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវរាល់គ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា។
លោកអភិបាលស្រុកក៍បានធ្វើការរំលឹក ផងដែរថា បើស្រវឹងកុំបើកបរ បើបើកបរកុំផឹងគ្រឿងស្រវឹង មុននិងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនពេលចេញដំណើរឱ្យបានត្រឹមត្រូវ៕