ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ជួបពិភាក្សាការងារជាមួយ មន្រ្តីទទួលបន្ទុកក្រុម ហ៊ុន FORTUNE STUDIO ប្រទេសចិន
នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន និងលោកស្រី Jessica Fanh មន្រ្តីទទួលបន្ទុកក្រុមហ៊ុន FORTUNE STUDIO ប្រទេសចិន
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញនូវរបាយការណ៍អំពីវឌ្ឍនភាពការងារនៃនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មាន និង ក្រុមហ៊ុន FORTUNE STUDIO ។
អ្នកស្រី Jessica Fanh បានធ្វើសេចក្តីរាយការណ៍ជម្រាបជូនពីកិច្ចការដែល បានអនុវត្តកន្លងមក ក៏ដូចជាផែនការ អនុវត្តបន្តដោយស្របតាមខ្លឹម សារនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និង FORTUNE STUDIO លើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ។
អ្នកស្រី Jessica Fanh បានរំលឹកឡើងវិញថា FORTUNE STUDIO និងក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រួមមាន៖
១. គម្រោងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយអំពីហិរញ្ញវត្ថុ និងធុរកិច្ចនៅអាស៊ីអាគ្នេយ៍
២.គម្រោងកិច្ចសហប្រតិបត្តិការលើ “មជ្ឈមណ្ឌលអន្តរជាតិឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងនវានុវត្តន៍(កម្ពុជា)”
តាមរយៈគម្រោងទាំងពីរនេះនឹងបង្កើតឱ្យមាននូវការកម្មវិធីព័ត៌មានហិរញ្ញវត្ថុ និងធុរកិច្ច និងការរៀបចំបង្កើតឱ្យមានមជ្ឈមមណ្ឌលនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយនៅកម្ពុជា ដែលនឹងចូលរួមអភិវឌ្ឍន៍ វិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន FORTUNE STUDIO ក្នុងកិច្ចសហ ប្រតិបត្តិការជាមួយ ក្រសួងព័ត៌មាន ក្រោមមតិដឹកនាំរបស់ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ។
ឯកឧត្តម រដ្ឋលេខាធិការ បានកត់សម្គាល់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ដែលនឹងចូលរួមអភិវឌ្ឍវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែ មានភាពល្អប្រសើរបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានលើកឡើងនូវ អនុសាសន៍ដឹកនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ និងរក្សា បាននូវទំនាក់ទំនង ដើម្បីចូលរួមក្នុងការ សម្រេចបាននូវសមិទ្ធផលជាច្រើនទៀតសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ។