ភ្នំពេញ÷អគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្ត មួយកន្លែង ក្នុងនោះបានបំផ្លាញរថយន្តចំនួន ១២គ្រឿង និងម៉ូតូ ២គ្រឿង ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១:៥០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងលក់រថយន្ត មួយកន្លែង នៅជិតអង់តែនទួលគោក ភ្លាមៗនោះ លោកក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍ផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារតែចរន្តអគ្គីសនីមិនទាន់បានត្រូវបិទ ជាហេតុពិបាកក្នុងការឲ្យរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ ហើយអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងសន្ធោសន្ធៅ រាលដាលដល់ឃ្លាំងលក់រថយន្តជិតខាង។ តែទោះបីជាយ៉ាងណា ក៏កម្លាំងជំនាញរបស់យើង នៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានមារឆ្លងរាលដាលដល់ឃ្លាំងផ្សេងទៀតរបស់បងប្អូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១៦គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើរនឹង ៦០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង ២និង៣៥នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះឃ្លាំងលក់រថយន្ត និងសម្ភារៈខូចខាតអស់ទាំងស្រុង ដែលមានទំហំ (១០ម៉ែត្រ x ២០ម៉ែត្រ) សាងសង់អំពីដែកប្រក់ស័ង្កសី។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕