ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ដែលបានបង្ហាញអំពីការឲ្យតម្លៃលើការសិក្សា និងការពង្រីកចំណេះដឹង ដើម្បីឆ្លើយតបទៅនឹងការវិវត្តរបស់សង្គម ជាតិ និងការងារដែលអស់លោក-លោកស្រី ទទួលបន្ទុកក្នុងនាមជាសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ដែលបានជាប់ឆ្នោតថ្មី អាណត្តិទី៤។ ឯកឧត្តមបានបន្ថែមថា តាមរយៈការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេលជាង ២ទសវត្សកន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានក្លាយជាស្ថាប័នដែលមាន រចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នីតិវិធីបំពេញការងារ មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ និងប្រកបដោយភាពជាម្ចាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពផងដែរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមទៀតថា ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់ របស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្នុងកិច្ច អភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនៅមូលដ្ឋាន ទើបរដ្ឋបាលខេត្តកណ្តាល សហការជាមួយសមាគមន៍ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តកណ្តាល បានខិតខំរៀបចំបើកវគ្គបណ្តុះបណ្តាលវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការ និងវិសហមជ្ឈការ ដ៏មានសារៈសំខាន់នេះឡើង។
នាឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការគូសបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖ ទី១គឺដើម្បីពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន ។ ទី២.គឺការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរអោយទៅរដ្ឋបាលក្រោមជាតិក្នុងការផ្តល់ សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ និងទី៣គឺការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជា ពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។