ខេត្តកណ្តាល៖ ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២២ ខែវិច្ចកា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។
ឯកឧត្ដម ប៊ុន ផេង បានបញ្ជាក់បន្តថា ចំពោះឃុំ/សង្កាត់ជារៀងរាល់ឆ្នាំ ចំនួនគម្រោងជាតម្រូវការអាទិភាពដែលបានស្នើឡើងមានការកើនឡើងជាលំដាប់ស្របតាមនិន្នាការ នៃការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ/សង្កាត់ នៅថ្នាក់ក្រុង/ស្រុក ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ២០២៤ ចំនួនគម្រោងស្នើឡើងជាច្រើន នឹងទទួលបានគាំទ្រជាបន្ដបន្ទាប់។ ជាក់ស្តែងគម្រោងស្នើឡើងទូទាំងខេត្តឆ្នាំ២០២៣សម្រាប់អនុវត្ត ឆ្នាំ២០២៤ មាន ៣៩២៨គម្រោង មាន ៧វិស័យ រួមមាន៖ វិស័យកសិកម្ម ៣៥៧គម្រោង វិស័យអាជីវកម្ម ៥១៨គម្រោង វិស័យវិស័យអប់រំ ៤៤៣គម្រោង វិស័យសុខភាព ៩២៧គម្រោង វិស័យភាពងាយរងគ្រោះ ១៧៩គម្រោង វិស័យបរិស្ថាន ៦១៩គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៨៨៥ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ច ព្រមព្រៀងបណ្តោះអាសន្នចំនួន ២៥៧៨គម្រោង ស្មើ ៦៦ ភាគរយ។
នាឱកាសនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរ អង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់សង្កាត់ដែលជា តម្រូវការនិងសំណូមពររបស់ប្រជាជន ទន្ទឹមនេះត្រូវយកចិត្ដទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។ ហើយចំពោះគម្រោងដែលគ្រប់សង្កាត់បានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះមិនទាន់ ទទួលបានការគាំទ្រ ត្រូវបន្ដពិនិត្យពិភាក្សាគៀគររកធនធានសម្រាប់អនុវត្តបន្ថែមទៀត។
លោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសង្កាត់-ក្រុង ជាមួយរមន្ទីរជំនាញជុំវិញខេត្ត អង្គការនានា គម្រោងទទួលបានការគាំទ្រសរុបមានចំនួន១២៦គម្រោងចែកជា៖
១/ការគាំទ្រលើកម្មវិធីវិនិយោគសង្កាត់ទទួលការគាំទ្រសរុបបានចំនួន១១៣គម្រោងលើ៤៣៧គម្រោង ស្មើនឹង២៥,៨៥% ក្នុងនោះ ក្នុងគម្រោងស្មើនឹង២៣,៥៦% ក្រៅគម្រោង ស្មើនឹង ២,២៨%។
២/ការគាំទ្រលើកម្មវិធីវិនិយោគក្រុងសរុបការគាំទ្របានចំនួន១៣គម្រោង លើ១៣៥គម្រោងស្មើនឹង ៩,៦២% ក្នុងនោះរដ្ឋបាលខេត្តកណ្តាល០៨គម្រោងស្មើនឹង៥,៩៣% មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត០២គម្រោងស្មើនឹង១,៤៨% មន្ទីរកសិកម្មខេត្ត០២គម្រោងស្មើនឹង១,៤៨% និងមន្ទីរបរិស្ថានខេត្ត០១គម្រោស្មើនឹង០,៧៤% ។