ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត បានជំរុញឲ្យឃុំ សង្កាត់គោលដៅទាំងអស់ បង្កើនកិច្ចសហការ ក្នុងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលថ្លែងដូចនេះ៖ក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ខេត្ត ស្តីពីការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់ គ្រងថវិកាថ្នាក់ក្រោមជាតិ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តមបានបន្តថា៖កិច្ចសន្ទនានាពេលនេះគឺមានសមាសភាពចូលរួមពី នាយក/នាយិកា ទីចាត់ការពាក់ព័ន្ធ និងប្រធានអង្គភាពពាក់ព័ន្ឋជុំវិញខេត្ត រដ្ឋបាលស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន និងមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ អង្គការសង្គមស៊ីវិលជាដៃគូរ សហគមន៍មូលដ្ឋាន អ្នកស្ម័គ្រចិត្ត ។កិច្ចប្រជុំមានគោលបំណង ផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ឋធ្វើការ ពិភាក្សា និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម និងការប្តេជ្ញាចិត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងអំឡុងពេល កិច្ចសន្ទនាថ្នាក់ជាតិឆ្នាំ ២០២៣ កន្លងទៅ ជាពិសេសការពង្រឹងសមត្ថភាពមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាក់ទង និងការគ្រប់គ្រងហិរញ្ញវត្ថុ និងការកសាង និងអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរបស់ខ្លួន ដើម្បីលើកកម្ពស់តម្លាភាព និង គណនេយ្យភាពក្នុងការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ ។
ឯកឧត្តមបានបន្ថែមថា៖សម្រាប់កិច្ចសន្ទនាថ្នាក់ខេត្តនេះ បានសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងថវិការបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការកសាងភាពជាដៃគូររវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ឋ ដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ស្របនឹងទស្សនទាន នៃអភិបាលកិច្ចល្អដែលបានលើកទឹកចិត្តឲ្យតួអង្គពាក់ព័ន្ឋទាំងអស់ត្រូវចេះធ្វើការងារជាមួយគ្នាដើម្បីផលប្រយោជន៍សាធារណៈ ហើយក្នុងនោះក្រុមប្រជាពលរដ្ឋទូទៅ គឺជាក្រុមអ្នកទទួលផល ឬក្រុមម្ចាស់សិទ្ធិ ។
ឯកឧត្តមអភិបាលរងខេត្ត៖បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា ទាំងអស់បើកចិត្តទូលាយក្នុងការចូលរួមផ្តល់ជាធាតុចូលឲ្យបានច្រើន ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងដើម្បីស្វែងរកឲ្យឃើញនូវ អនុសាសន៍ ឬ គំនិតថ្មីៗបន្ថែមក្នុងការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែប្រសើរឡើងជាងនេះ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖បើទោះបីជាគម្រោងនេះ ដៃគូអភិវឌ្ឍន៍មិនបានអនុវត្តគ្រប់ស្រុក ក្រុង និងឃុំ សង្កាត់ក្នុងខេត្តរបស់យើងក៏ដោយ ប៉ុន្តែវាក៏អាចជាការរៀនសូត្រ ឬជាឧទាហរណ៍បន្ថែមដល់រដ្ឋបាលស្រុក ក្រុង និងឃុំ សង្កាត់គោលដៅដ៏ទៃទៀត ដែលមិនមែនតំបន់គោលដៅរបស់គម្រោង ដើម្បីឆ្លុះបញ្ចាំង និងរៀនសូត្រពីការអនុវត្តល្អរបស់តំបន់គោលដៅនៃ គម្រោង ហើយគម្រោងនេះក៏បានចូលរួមចំណែកលើកកំពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រង ថវិកាថ្នាក់ក្រោមជាតិនៅតំបន់គោលដៅរបស់គម្រោង តាមរយៈការពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ជាពិសេសអ្នកដែលទទួលបន្ទុកការងារនេះ) ការផ្សព្វផ្សាយព័ត៌មាន-ចំណេះដឹងដល់ប្រជាពលរដ្ឋមូលដ្ឋានការរៀបចំពិព័រណ៍ថវិកាឃុំប្រចាំឆ្នាំ ការគាំទ្រដល់ការផលិតឯកសារផ្សព្វផ្សាយចំណេះដឹង និងអប់រំ ការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងឃុំ សង្កាត់គោលដៅរបស់គម្រោង ការរៀបចំកិច្ចសន្ទនាថ្នាក់ខេត្តដូចថ្ងៃនេះ និងសកម្មភាពជាច្រើនទៀត។
ក្នុងឱកាសនោះឯកឧត្តមក៏បានកោតសរសើរ និងអរគុណចំពោះដៃគូអភិវឌ្ឍន៍រួមមាន៖ អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS) អង្គការសម្ព័ន្ឋដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) ពិសេសការគាំទ្រមូលនិធិរបស់កម្មវិធីជំនួយរបស់រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ តាមរយៈអង្គការមូលនិធិអាស៊ី (TAF) ប្រចាំប្រទេសកម្ពុជា ដែលបានគាំទ្រដល់អង្គការ ដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តសកម្មភាពគម្រោង “ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ” ក្នុងខេត្តគោលដៅទាំង៤ របស់គម្រោង ក្នុងនោះរួមមាន ខេត្តកណ្តាល ផងដែរ៕