ខេត្តកណ្ដាល៖ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិទួលទ្រា និងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម។
ឯកឧត្ដម អភិបាលរងខេត្តបន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលព្រោះការចុះបញ្ជីដីធ្លីនេះបានផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងចំពោះបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដីយកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
ឯកឧត្ដម អភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិទួលទ្រា និងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៦៣ឃុំ/សង្កាត់ លើ១២៧ ឃុំ/សង្កាត់ នឹង៥៤០ភូមិ លើ១០១០ភូមិ គឺស្មើនឹង៥៣.៥% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤,៥០៥ ក្បាលដី ក្នុងនោះបាន ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៨៨,៦៨៩ ប័ណ្ណ និងចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋ សរុបចំនួន ២៣៥លើកស្មើនឹង ៣១៦,៧៦៤ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិទួលទ្រា ចំនួន ៦៨៦ប័ណ្ណ និងភូមិព្រែកក្មេងចំនួន ៧៨៤ប័ណ្ណ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ សរុបស្មើនឹង១,៤៧០ប័ណ្ណ៕