ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំ
ក្រុមយុវជនមនសិការពលរដ្ឋល្អ មកពីវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្រុកអង្គស្នួល ប្រមាណជាង ១៥០នាក់ ចុះមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម និងវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមយុវជនមនសិការពលរដ្ឋល្អ ទទួលបាននូវការធ្វើបទបង្ហាញអំពីការងារព្រំដែន ពីមន្ត្រីជំនាញ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងមានឱកាសលើកឡើងជាសំនួរ ក៏ដូចជាចង្ងល់ផ្សេងពាក់ព័ន្ធនិងការងារព្រំដែនផងដែរ ដោយសំនួរ និងចង្ងល់ទាំងនោះត្រូវបាន ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរក្រុងសំពៅពូន ធ្វើការពន្យល់បកស្រាយយ៉ាងផុលផុសទុកជាមេរៀន និងបទពិសោធន៍ថ្មីមួយទៀត សម្រាប់ក្រុមយុវជនមនសិការពលរដ្ឋល្អជួយធ្វើការផ្សព្វផ្សាយទៅដល់យុវជន និងមហាជនបានយល់ដឹងច្បាស់លាស់ និងមិនមានការយល់ច្រឡំអំពីបញ្ហាព្រំដែនតទៅទៀត។
ថ្លែងទៅកាន់ក្រុមយុវជន ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់ថា ការចុះធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់របស់ពួកយើងនាពីនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀត និងជាការជម្រះមន្ទិលសង្ស័យដែលពលរដ្ឋមួយចំនួននៅមិនទាន់មានភាពច្បាស់លាស់អំពីការងារព្រំដែន កម្ពុជា វៀតណាម។ ការចុះមកផ្ទាល់ដល់ទីតាំងឃើញដោយផ្ទាល់ភ្នែកពីស្ថានព្រំដែនបែបនេះ គឺជាភស្តុតាងយ៉ាងពិតប្រាកដដែលបានស្ដែងចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី តាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ មិនដូចការផ្សព្វផ្សាយចោទប្រកាន់ថាបានបាត់បងទឹកដីនោះឡើយ។
ឯកឧត្តមអភិបាលរងខេត្ត បញ្ជាក់ដែរថា ចំពោះវត្តខេមររាជការាម ហៅវត្តប៉ាកណាមនេះ គឺជាវត្តដែលស្ថិតនៅជាប់ព្រំដែន ដូចដែលក្មួយៗបានឃើញផ្ទាល់នឹងភ្នែកហើយថា ទឹកដីនេះគឺជារបស់យើង និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា រីឯកាបញ្ចេញមតិរបស់អ្នកជ្រុលនិយមមួយចំនួន ដែលបាននិយាយថាវត្ត និងទឹកដីរបស់យើងនៅទីនេះត្រូវបានគេរំលោភបំពាន គឺជាការបំភ្លៃការពិតទាំងស្រុង។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើដល់ ក្រុមយុវជនទាំងអស់ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនាថ្ងៃនេះ សូមយកចំណេះដឹង បទពិសោធន៍ជាក់ស្ដែង និងស្ថានភាពពិតប្រាកដតាមបណ្ដោយព្រំដែន ផ្សព្វផ្សាយបន្តឱ្យបានយ៉ាងទូលំទូលាយទៅដល់យុវជនសិស្សានុសិស្ស មិត្តភក្កិ សាច់ញាតិបងប្អូន ដើម្បីឲ្យពួកគាត់ឈប់ច្រឡំតាមការបំភ្លៃរបស់ជនអគតិមួយចំនួនតទៅទៀត។
សូមរំលឹកផងដែរថា នេះគឺជាលើកទី ៣ហើយ ដែលថ្នាក់ដឹកនាំខេត្តកណ្តាល បានដឹកនាំយុវជនមនសិកាពលរដ្ឋល្អ ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម និងវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតក្នុងក្រុងសំពៅពូន។