ខេត្តកណ្ដាល៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១២ អាណិត្តទី៤ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យអង្គប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។
ឯកឧត្តម នុត ពុតដារ៉ា អភិបាលរងខេត្ត បានណែនាំឱ្យ មន្ទីរនានាជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរនៅតាមមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាពិសេសត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ១២របៀបវារៈ សំខាន់ៗ។
![]() |