ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាលនៃពិធីគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចួលរួមពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង០៦ សង្កាត់នៃក្រុង តាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ ។
រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលត្រូវបាន កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានសម្រេចផងដែរនូវសមិទ្ធផលច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា ។