នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គពពាយមានជ័យ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សមិទ្ធផលក្នុងវត្តអង្គពពាយមានជ័យដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន ព្រះវិហារ សាលាពុទ្ធិកបឋមសិក្សាថ្មី សាលាអនុគណ សាលាសមាធិ សាលនិច្ចភត្ត កុដិចំនួន២ ចាក់បេតុង និងក្លោងទ្វារចំនួន២ ដងទង់១គូ តូបបារមី ១គូ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀតស្ថិតក្នុងបរិវេណវត្តផងដែរ។
ក្រោយបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលរួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរ និងអបអរសាទរ ដល់វឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តកណ្ដាល ជាពិសេសសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលសម្រេចបានជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញការវិនិយោគ និងទេសចរណ៍។ បន្ថែមលើនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារជូនដល់យុវជន និងយុវនារីទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញភារកិច្ច ហើយឆ្លៀតពេលទំនេរស្វែងរកឱកាសស្ម័គ្រចិត្ត ដើម្បីបន្ថែមការរួមចំណែក និងរួមគ្នាជាធ្លុងមួយក្នុងបុព្វហេតុដើម្បីជាតិមាតុភូមិ។
បន្ថែមលើការរំលឹកពីប្រវត្តិសាស្ត្រ និងវឌ្ឍនភាពជាបន្តបន្ទាប់ដែលកម្ពុជាសម្រេចបាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកពីការអនុវត្តវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានជម្រាបជូនអង្គពិធីអំពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាបានផ្ដល់សារផ្ដាំផ្ញើនានាដល់បងប្អូនប្រជាពលរដ្ឋថា រាល់ការអនុវត្តវិធានការគន្លឹះទាំងអស់ គឺស្ថិតក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើងឱ្យកាន់តែរឹងមាំ ក្នុងសមត្ថភាពប្រកួតប្រជែងជាកម្រិតអន្តរជាតិ។ ទន្ទឹមនេះ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់យើង ជាពិសេសវិធានការគន្លឹះទី១ ក៏ជាការរួមចំណែកផ្ដល់ឱកាសស្មើៗគ្នាដល់យុវជនដែលចង់ចូលរួមបម្រើការងារជាមន្ត្រីរាជការ។
សូមជម្រាបផងដែរថា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ មានការនិមន្តចូលរួមពីសម្តេចមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង គណៈធម្មយុត្កិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះមេគណ នៃគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណ នៃគណៈមហានិកាយ ខេត្តកណ្តាល ព្រះឥន្ទានុបាល ភិន ផល្លី ព្រះអនុគណស្រុកអង្គស្នួល និងជាព្រះចៅអធិការវត្តអង្គពពាយមានជ័យ ព្រមទាំងសម្តេចព្រះរាជាគណៈ, ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ។ នាឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា, រដ្ឋសភា, ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនកាយរឹទ្ធិជាតិកម្ពុជា, យុវជនកាកបាទក្រហមកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស, ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ២៥០០នាក់។