ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដេីម្បីពិភាក្សា និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ដែលត្រូវអនុវត្តន៍ ចំពោះមុខ និងយូរអង្វែង តាមផែនការដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងស្រុកបានប្រគល់ជូន ។
លោកវរសេនីយ៍ឯក អ៊ូ ឆេងកន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលសំខាន់ៗដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិតសម្រេចបាននាពេលកន្លងទៅនូវសមិទ្ធផលធំៗមួយចំនួនគួរជាទីមោទនៈ និងការជួយដោះស្រាយទាន់ពេលវេលាចំពោះប្រជាពលរដ្ឋមួយចំនួនដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចខ្លាំង និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវពុះពារដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដូចជា ការមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លី ការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព មិនទាន់បាន១០០% ដោយនៅមានចំណុចខ្វះខាតមួយចំនួន ។ បញ្ហាស្ពាន លូ ឆ្លងកាត់ផ្លូវ មានការខូចខាតក្នុងរដូវវស្សា និងបញ្ហាដំឡូងមីធ្លាក់ថ្លៃជាដេីម ។ល។ បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស ដោយបានឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្វះខាត និងបានលើកឡើងពីវិធានការមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ និងបញ្ហាដែលត្រូវសំណូមពរជូនថ្នាក់លើជួយដោះស្រាយ បំពេញបន្ថែមផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនក្រុមការងារទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមផែនការដែលថ្នាកដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុកបានប្រគល់ជូន ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនដែលត្រូវអនុវត្តន៍បន្ត ទី១. ត្រូវរួមគ្នាជាមួយអាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ និងស្ថាប័នជំនាញពាក់ព័ន្ធ ដេីម្បីបន្តធ្វើវេទិកាសាធារណៈ ក្តាប់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមជូនប្រជាពលរដ្ឋយើង ។ ទី២. ត្រូវបន្តរួមគ្នាទៅបម្រើប្រជាពលរដ្ឋ តាមអ្វីដែលអាចធ្វើទៅបាន និងទី៣. ផ្សព្វផ្សាយ និងចូលរួមអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានាសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើង ។
នៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានផ្សព្វផ្សាយនូវអនុសាសន៍សំខាន់ៗ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ ស្តីបញ្ហាព្រំដែនកម្ពុជា ថៃ ផងដែរ ។