នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ផ្លូវជាតិចំនួន៣ខ្សែទៀត គឺផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតទៅកាន់ខេត្តជាប់សមុទ្រនាភាគនិរតីនៃប្រទេស ត្រូវបានរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធសមិទ្ធផលជាតិដ៏មានសារៈសំខាន់ទាំង៣ខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ផ្លូវជាតិលេខ៤១ ៣១ និង៣៣ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅកាន់ការងារជានាយករដ្ឋមន្ត្រី។
ផ្លូវជាតិទាំង៣ខ្សែនេះ រួមមាន៖
ផ្លូវជាតិលេខ៣១៖ មានប្រវែងសរុបចំនួន ៥៣,៥៣៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧ សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។
គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ផ្លូវវាងទីប្រជុំជនចំនួន ២កន្លែង ផ្លូវវាងទី១ មានប្រវែង ៤,៦គីឡូម៉ែត្រ និងផ្លូវវាំងទី២ មានប្រវែង ៤គីឡូម៉ែត្រ ស្ពានថ្មីចំនួន ១កន្លែង ប្រវែងសរុប ៦០ម៉ែត្រ និងមានទទឹងប្រវែង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៩០កន្លែង និងលូបណ្ដោយផ្លូវសរុបប្រវែង ៥,៧០៤ម៉ែត្រ។
ផ្លូវជាតិលេខ៣៣៖ មានប្រវែងសរុបចំនួន ៥២,៥៧៧គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែនកម្ពុជា-វៀតណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង ៧សង់ទីម៉ែត្រ និងផ្លូវបេតុងសរសៃដែក កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។
គម្រោងនេះ បានរួមបញ្ចូលការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ និងមានទទឹង ១២ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៨២កន្លែង និងលូបណ្ដោយផ្លូវសរុប ប្រវែង ៩,២៥៨ម៉ែត្រ។
ផ្លូវជាតិលេខ៤១៖ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។
គម្រោងនេះបានរួមបញ្ចូលនូវ ការសាងសង់ពង្រីកស្ពានចាស់ ១កន្លែង (ស្ពានគុណគ្រូ) ប្រវែងប្រមាណ ២០០ម៉ែត្រ ព្រមទាំង ដាក់លូកាត់ទទឹងផ្លូវចំនួន ១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៨,២៤១ម៉ែត្រ។
គម្រោងស្ថាបនាផ្លូវជាតិទាំង ៣ខ្សែនេះ ក៏បានរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញចរាចរណ៍បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
ផ្លូវជាតិទាំង៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នានៅក្នុងផែនការ ប៉ុន្តែតាមការ អនុវត្តគម្រោងជាក់ស្ដែង គឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះមុនផែនការកំណត់។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក។ ក្នុងនោះផ្លូវជាតិលេខ៣១ ប្រមាណ ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
ផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្ដាល និងតំបន់ភាគនិរតីរបស់កម្ពុជា។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។
ផ្លូវជាតិទាំង៣ខ្សែនេះ មានភាពប្រទាក់ក្រឡាគ្នា និងការតភ្ជាប់គ្នាយ៉ាងសំខាន់។ ក្នុងនោះផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ បានតភ្ជាប់គ្នាត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) រីឯផ្លូវ ជាតិលេខ៤១វិញ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ៕