ខេត្តកណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញផ្ដល់ សម្ភារៈ និងបរិក្ខារ មានដូចជា ទូដាក់សម្ភារៈ, ក្តារខៀន, ធុងទឹកជ័រ និងសម្ភារៈក្នុងកេស មាន១៥មុខ ជូនដល់មត្តេយ្យសិក្សាសហគមន៍ ចំនួន១៨៧ថ្នាក់ មកពីក្រុង-ស្រុកទាំង១៣ ទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តកណ្ដាល បានឧបត្ថម្ភជាបន្តបន្ទាប់ នូវសម្ភារៈ និងបរិក្ខារ ជូនដល់មត្តេយ្យសិក្សាសហគមន៍ក្នុងខេត្តកណ្តាល ហើយនៅក្នុងឆ្នាំនេះ រដ្ឋបាលខេត្តនឹងផ្ដល់ការគាំទ្របន្ថែមក្នុងការសាងសង់អគារមត្តេយ្យសហគមន៍ ព្រោះថាមត្តេយ្យសហគមន៍ខ្លះ ខ្ចីកន្លែគេបង្រៀន ខ្លះបង្រៀននៅផ្ទះគេ ដូចនេះអភិបាលក្រុង-ស្រុក ត្រូវពិនិត្យរកដីសម្រាប់សាងសង់អគារ ដើម្បីផ្ដល់ការគាំទ្រអោយសាលាមានកន្លែងបង្រៀនត្រឹមត្រូវ និងសមរម្យ ស្របតាមស្តង់ដារ។
ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អ្នកគ្រូទាំងអស់ សូមជួយថែរក្សាសម្ភារៈ និងបរិក្ខារទាំងអស់នេះឱ្យប្រើប្រាស់បានល្អ ជួយផ្ដល់ការអប់រំ និងជួយថែទាំសុខភាពសិស្ស ដោយចាប់ផ្តើមពីកុមារតូចៗ កុំឱ្យប្រើប្រាស់គ្រឿងផ្អែម ភេសជ្ជៈប៉ូវកំលាំងជាដើម និងសូមជួយណែនាំ ឱ្យធ្វើលំហាត់ប្រាណជាប្រចាំដល់សិស្ស ដើម្បីបញ្ចៀសជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជាដើម ប្រសិនបើកើតមានជំងឺនេះក្នុងខ្លួនមនុស្ស គឺមិនអាចព្យាបាលជាសះស្បើយនោះទេ ហើយជំងឺទាំងនេះ កើតចេញពីទម្លាប់រស់នៅ និងរបបអាហារបរិភោគ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានអំពាវបាវមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ សូមបន្តស្មារតីឯកភាពជាតិតែមួយ គាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពរបស់យើង ដើម្បីការដោះស្រាយ និងការពារបូរណភាពទឹកដីរបស់យើង។
ឯកឧត្ដម បន្តថា៖ គោលជំហរដ៏ច្បាស់លាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនរួមមាន៖ តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលកំពុងមានជំលោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ហើយបន្ទាប់ពីបង្ហាញជំហរច្បាស់លាស់ក្នុងការដោះស្រាយតាមយន្តការតុលាការICJ ខ្មែរយើងមានការឯកភាពជាតិតែមួយ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងកងទ័ពតែមួយ ហើយប្រជាជនយើង បានបង្ហាញជំហរគាំទ្រតាមរយៈសកម្មភាព ការដើរដង្ហែក្បួនកាលពីថ្ងៃទី១៨ ខែមិថុនាម្សិលមិញនេះ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយតាមផ្លូវតុលាការICJលើបញ្ហាជំលោះព្រំដែនកម្ពុជាថៃ និងជាការលើកទឹកចិត្តដល់កងទ័ពកំពុងឈរជើងយ៉ាងរឹងមាំការពារទឹកដីរបស់យើងនៅជួរមុខ។