គណៈប្រតិភូខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម ណុប ដារ៉ា អភិបាលរងកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងគណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយ ឯកឧត្តម ង៉ូ កុងធឺក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានរួមគ្នាចុះពិនិត្យទីតាំង ជាក់ស្តែងនៅច្រកទ្វារតំបន់ព្រំដែនខាញ់អាន។ បន្ទាប់ពីការចុះពិនិត្យរួចមកគណៈប្រតិភូនៃខេត្តទាំងពីរ បានបន្តប្រជុំពិភាក្សាគ្នាទៅលើការងារបើកច្រកទ្វារតំបន់ព្រំដែនខាញ់អាន-ព្រែកជ្រៃ-ព្រែកទន្លា នៅសាលប្រជុំសាលាស្រុកអានភូ ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានកោតសរសើរភាគីខេត្ត អានយ៉ាង ដែលបានជ្រើសរើសទីតាំងថ្មីនៃច្រកទ្វារព្រំដែនខាញ់អាន ជាទីតាំងយ៉ាងល្អ មានផ្លូវ ដែលមានលក្ខណៈអំណោយផលទាំងផ្លូវទឹក និងផ្លូវគោក មានផ្លូវបេតុងស្រាប់ ផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនតាមផ្លូវគោក ក៏ដូចជាផ្លូវទឹក។ ឯកឧត្តមបានបន្តថា ការងារនេះគឺរង់ចាំតែរដ្ឋាភិបាលវៀតណាម អនុម័តជាគោលការណ៍ អនុញ្ញាតឱ្យបើកដំណើរការផ្លូវការនូវច្រកទ្វារតំបន់ព្រំដែនខាញ់អានតែប៉ុណ្ណោះ។
ឯកឧត្តម ណុប ដារ៉ា បានបន្ថែមថា ចំពោះកិច្ចប្រជុំនាថ្ងៃនេះ ខេត្តកណ្តាល ពិតជាសង្ឃឹមថា នឹងជួយឱ្យច្រកទ្វារតំបន់ព្រំដែនខាញ់អាន ក្លាយជាច្រកទ្វារផ្លូវការ ព្រមទាំងចូលរួមចំណែកយ៉ាងខ្លាំង ដល់ការលើកស្ទួយនូវចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ កណ្តាល-អានយ៉ាង ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្មព្រំដែនរវាងខេត្តទាំងពីរ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដាក់ផែនការជំរុញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបាន ២០ពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។
ឯកឧត្តម ង៉ូ កុងធឺក បានស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូខេត្តកណ្ដាលដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាគ្នាទៅលើការងារបើកច្រកទ្វារតំបន់ព្រំដែនខាញ់អាន-ព្រែកជ្រៃ-ព្រែកទន្លាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ឯកឧត្តម ង៉ូ កុងធឺក បានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំ និងចុះហត្ថលេខាលើកំណត់ហេតុបើកច្រកទ្វារតំបន់ព្រំដែនខាញ់អាន កំណត់ហេតុនេះ នឹងក្លាយជាឯកសារសំខាន់ ដើម្បីឱ្យគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង យកធ្វើជាមូលដ្ឋានស្នើសុំរដ្ឋាភិបាលវៀតណាម សម្រេចបើកច្រកទ្វារតំបន់ព្រំដែនខាញ់អាន ស្របទៅនឹងច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែក ទន្លា របស់ខេត្តកណ្តាល ដើម្បីជួយសម្រួលការឆ្លងកាត់តាមច្រកទ្វារតំបន់ព្រំដែនទាំងពីរ ឱ្យសមស្របទៅតាមច្បាប់ នៃប្រទេសទាំងពីរ។